សមាគមអតីយុទ្ធជនកម្ពុជាខេត្តបាត់ដំបងអញ្ជើញចុះប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៤ខ្នងនៅស្រុករតនៈមណ្ឌល

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ សមាគមអតីយុទ្ធជនកម្ពុជាខេត្តបាត់ដំបងដឹកនាំដោយលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានកិត្តិយសសមាគមអតីយុទ្ធជនកម្ពុជាខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងបាត់ដំបង ជាប្រធាសមាគមអតីយុទ្ធជនកម្ពុជាខេត្តបាត់ដំបងបានអញ្ជើញប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៤ខ្នងនៅចំណុចភូមិស្វាយជួរ ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌលខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់ថ្នាក់នាំសមាគមសមាគមអតីយុទ្ធជនកម្ពុជាស្រុក ឃុំ ថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរ អង្គភាព នានាជុំវិញខេត្ត កងកម្លាំង អតីតយុទ្ធជនជាជនពិការ និងជនពិការជាអ្នកខាងមួយចំនួនបានចូលរួមផងដែរ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងបាត់ដំបង ជាប្រធាសមាគមអតីយុទ្ធជនកម្ពុជាខេត្តបាត់ដំបងបានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ និងណែនាំជាប្រចាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានសមាគមអតីយុទ្ធជនកម្ពុជា និងនាយឧត្តមសេនីយ៍ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការ គណៈអចិន្ត្រៃយ៍ ស.អ.ក បានណែនាំរួចមក លោកបានឡើងរាយការណ៍ស្តីអំពីសកម្មភាពការងាររបស់សមាគមអតីតយុទ្ធកម្ពុជាខេត្តបាត់ដំបងនៅនឹងកន្លែងកន្លងមកដោយបានយកចិត្តទុកដាក់បំផុតធ្វើការស្រាវ ជ្រាវស្វែងរកអតីតយុទ្ធជនដែលនៅសេសសល់ ឬប្តូរទីលំនៅទៅនៅឆ្ងាយ និងបានបម្រើពួកគាត់ជាអតីតយុទ្ធជនបានទទួលលទ្ធផលល្អ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច បានបញ្ជាក់ថាតាំងពីថ្នាក់លើបានបង្កើតសមាគមមកទល់បច្ចុប្បន្ន នៅខេត្តបាត់ដំបងកសាងផ្ទះទុក ចែកជូនអតីតយុទ្ធក្នុងខេត្តមានចំនួន១៣៨ខ្នងហើយ សមាគមបានធ្វើការចែកជូនអតីតយុទ្ធជនអស់ចុះនួន១៣៣ខ្នង ក្នុងនោះសមាគមបានប្រគល់ផ្ទះជូនគ្រួសារអតីតយុទ្ធជនថ្ងៃនេះមានចំនួន៤ខ្នងទៀត ស្ថិតនៅភូមិស្វាយជួរ ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌលខេត្តបាត់ដំបង។

លោកបានបន្តថា ផ្ទះទាំង៤ខ្នងដែលត្រូវប្រគល់ជូននោះមាន ១.ឈ្មោះ លេន រ៉ើយ អត្តលេខ HA91000853 ជាជនពិការ ភេទប្រុស អាយុ៤៨ឆ្នាំ ទទួលបានផ្ទះទំហំ (៤ម៉ែត្រគុណ៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រគុណ២.៥ម៉ែត្រ) ស្ថិតនៅភូមិស្វាយជួរ ឃុំ អណ្តើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ ២.ឈ្មោះ តាប់ ឌឿម អត្តលេខ HA81000065 ជាជនពិការ ភេទប្រុស អាយុ ៦៣ឆ្នាំ ទទួលបានផ្ទះទំហំ (៤ម៉ែត្រគុណ៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រគុណ២.៥ម៉ែត្រ) ស្ថិតនៅភូមិអណ្តើក១១ ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ៣.ឈ្មោះ ផង់ ផែន អត្តលេខ IA00000253 ជាជនបាត់បង់ ភេទប្រុស អាយុ៤៥ឆ្នាំ ទទួលបានផ្ទះទំហំ (៤ម៉ែត្រគុណ៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រគុណ២.៥ម៉ែត្រ) ស្ថិតនៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ៤.ឈ្មោះ មោ គល់ អត្តលេខ RB13000586 ជានិវត្តជន ភេទប្រុស អាយុ ៦៥ឆ្នាំ ទទួលបានផ្ទះទំហំ (៤ម៉ែត្រគុណ៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រគុណ២.៥ម៉ែត្រ) ស្ថិតនៅភូមិជីសាង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ព្រមទាំងអំណោយជូនដល់ម្ចាស់ផ្ទះទទួលបានគ្រឿងឧបភោគ ក្នុង១នាក់រួមមាន ៖ ថវិកា២០រៀល, គ្រែ០១, អង្ករចំនួន១០០គីឡូក្រោម, ទឹកត្រី១យួរ,ទឹកស៊ីអីវ១យួរ, ត្រីខ០១យួរ, ឆ្នាំង ចាន មុង០១,ភួយ ០១,កន្ទេល០១។

ដោយឡែកអតីតយុទ្ធជនរស់នៅក្បែរខាង ដែលបានចូលរួមអបអរសាទរមួយចំនួនក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥រៀល និងសារុង០១ ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ។

លោក ងួន រតនៈ អភិបាលខេត្តមានប្រសាសន៍សំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាគម និងអតីតយុទ្ធជនថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរដល់អតីតយុទ្ធជនជានិច្ច ព្រោះពួកគាត់បានលះបង់កម្លាំងកាយចិត្តរហូតដល់ពលីជីវិត ពិការដើម្បីបុព្វហេតុជាតិមាតុភូមិ គឺជាកម្លាំងឈានមុខការពារជាតិនិងប្រជាពលរដ្ឋក្នុងសរភូមិក្នុងសង្រ្គាម ដើម្បីឲ្យពលរដ្ឋនៅសមរភូមិក្រោយរស់នៅបានសុខសប្បាយ ដូច្នេះអតីតយុទ្ធជនមានគុណបំណាច់ដ៏ធំធេងចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជាយើងដោយមិនអាចកាត់ថ្លៃបានឡើយ។

នាឱកាសនោះដែរ លោកអភិបាលខេត្តក៏បានជូនថវិកាដល់ម្ចាស់ផ្ទះទាំង៤នាក់ដោយម្នាក់ទទួលបាន២០ម៉ឺនរៀលសម្រាប់ធ្វើពិធីឡើងផ្ទះថ្មី និងជូនថវិកាដល់ជនពិការជាអ្នកជិតខាងបានចូលរួមក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល និងសារ៉ុង១ផងដែរ៕