ខេត្តព្រះសីហនុនឹងលែងមានបញ្ហាទឹកកខ្វក់ និងផ្លូវដែលមានការខូចខាតទូទាំងខេត្ត នឹងត្រូវជួសជុលឆាប់ៗនេះ ឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ

ខេត្តព្រះសីហនុ ៖ បញ្ហាប្រឈម និងដំណោះស្រាយនានាពាក់ព័ន្ធប្រព័ន្ធលូមេរំដោះទឹកភ្លៀង ប្រព័ន្ធលូមេរំដោះទឹកកខ្វក់ និងការស្ថាបនាផ្លូវដែលមានការខូចខាតទូទាំងខេត្តព្រះសីហនុទាំងមូលគឺជាប្រធានបទនៃកិច្ចប្រជុំនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៩រវាងរដ្ឋបាលសាលាខេត្តព្រះសីហនុ និងក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានសរសេរលើបណ្តាញហ្វេសប៊ុកថា នៅព្រឹកនេះ «ខ្ញុំបាទរួមជាមួយឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបញ្ហាប្រឈម និងដំណោះស្រាយនានា ពាក់ព័ន្ធប្រព័ន្ធលូមេរំដោះទឹកភ្លៀង ប្រព័ន្ធលូមេរំដោះទឹកកខ្វក់ និងការស្ថាបនាផ្លូវដែលមានការខូចខាតទូទាំងខេត្តព្រះសីហនុទាំងមូល»។

លោកអភិបាខេត្តបានថ្លែងដូច្នេះថា ៖«ជាលទ្ធផលនៃកិច្ចប្រជុំ សំរាប់បញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង និងបញ្ហាខូចខាតផ្លូវ ក្នុងខេត្តព្រះសីហនុដែលកើតមានកន្លងមកនេះ រដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយក្រសួងសាធារណ:ការ​និងដឹកជញ្ជូន នឹងខិតខំធ្វើការដោះស្រាយបាន នៅក្នុងពេលឆាប់ៗខាងមុខនេះ»។

ជមួយគ្នានេះលោកអភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋនិងភាគីពាក់ព័ន្ធទាំងអស់ថា៖ «ដើម្បីឲ្យគម្រោងការទាំងអស់ខាងលើនេះ ទទួលបានប្រសិទ្ឋភាពខ្ពស់ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងអស់ ចូលរួមសហការប្រកបដោយឆន្ទៈខ្ពស់»៕ ដោយ ៖ តឹង សុភាព