កិច្ចប្រជុំស្តីពីវឌ្ឍនភាពគម្រោងជួលជុលផ្លូវ២២ខ្សែក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំស្តីពីគម្រោងវឌ្ឍនភាពជួសជុលផ្លូវ ២២ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីមន្ទីរអង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេស នៅសាលប្រជុំសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។
តាមបទបង្ហាញ នៃវឌ្ឍនភាពគម្រោង កែលម្អផ្លូវ ២២ខ្សែ ក្នុងក្រុងព្រះសីហនុ ក្នុងនោះរួមមាន ៖ ១. គម្រោងអនុវត្តប្រើប្រាស់ថវិកាក្រសួងសាធារណការ និងដឹក ជញ្ជូន។ ២.ផែនការគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរទេសចរណ៍នាគរាជ។ ៣.ផែនការស្តាបនាផ្លូវក្នុងតំបន់អភិវឌ្ឍន៍ក្នុងកំពង់ផែឧកញ៉ាម៉ុង និង៤.គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ជាការងារអទិភាព ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២។

លោក គួច ចំរើន បានថ្លែងអំណរគុណដល់លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានជួយពន្លឿនគម្រោងប្រើប្រាស់ឥណទានថ្នាក់ក្រោមជាតិ ក្នុងការជួសជុលកំណាត់ផ្លូវ១២ខ្សែ ក្នុងក្រុងព្រះសីហនុឡើងវិញ ដើម្បីជួយសម្រួលចរាចរណ៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ និងកែលម្អសោភ័ណភាព និងបរិស្ថាន ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានជំរុញឱ្យក្រុមការងារជំនាញ ពិនិត្យមើលលទ្ធភាព ក្នុងការកៀរគរ ឬខ្ចីប្រភពថវិកាផ្សេងៗ ដើម្បីយកមកស្ថាបនា ជួសជុលកំណាត់ផ្លូវ៦ខ្សែ ដែលខ្វះប្រភពថវិកា ដែលជាឥណទានថវិកាថ្នាក់ក្រោមជាតិ និងកែលម្អផ្លូវផ្សេងៗទៀតក្នុងក្រុងព្រះសីហនុ ដើម្បីត្រៀមរៀបចំព្រឹត្តិការសំខាន់ៗនៅពេលខាងមុខមានដូចជា បុណ្យសមុទ្រនៅឆ្នាំ២០២០ និងរៀបចំកិច្ចប្រជុំអាស៊ាននៅឆ្នាំ ២០២២ខាងមុខ។
យោងតាមជំពូក២១ (គម្រោងវិនិយោគផ្ទាល់) ក្រសួងនឹងប្រើប្រាស់ថវិកាជាតិជួសជុលផ្លូវចំនួន ៣កំណាត់ ។ ក្រសួងក៏មានគម្រោងប្រើប្រាស់ឥណទានថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិជួសជុលផ្លូវក្នុងក្រុងចំនួន ១២ខ្សែ ក្នុងនោះមានផ្លូវចំនួន ៦ខ្សែ គ្រោងនឹងប្រើប្រាស់ថវិកាដែលបានមកពីសំណង់បណ្តាក្រុមហ៊ុន ឬវិនិយោគដែលធ្វើឱ្យផ្លូវខូចខាតក្នុងក្រុងព្រះសីហនុ ដោយសារការដឹកជញ្ជូនសំភារៈផ្សេងៗបំរើការក្នុងការសាងសង់អាគារប្រកបអាជីវកម្មធំៗតាមផ្លូវ ផ្វើឱ្យខូចខាតផ្លូវក្នុងខេត្ត។

លើសពីនេះទៅទៀតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានគម្រោងប្រើប្រាស់ថវិកាផ្ទាល់របស់កំពង់ផែទទួលបន្ទុក (Overlay) ផ្លូវលេខ៧០០ ។ សរុបជារួមគម្រោងផ្លូវដែលត្រូវជួសជុលទាំង១២ខ្សែ មានផ្លូវលេខ ១០០ , ៨១៤ , ៨១៨ , ១០៣ ,១៤៣ ,៧០១ ,១០៨៣ ,២០៩ ,៨២៣ ,៨២៧ ,៨២១ , ៨២៥ ដែលមានតម្រូវការថវិកា ២៥.២៨៨លានរៀល ។
ដោយឡែកគម្រោងឥណទានថ្នាក់ក្រោមជាតិ ក្នុងការជួសជុលផ្លូវទាំង ១២ខ្សែក្នុងក្រុង បានបើកដំណើរការ​ ការដ្ឋានជួលជុលផ្លូវចំនួន ៦ខ្សែរួចមកហើយ រីឯ៦ខ្សែផ្សេងទៀត រដ្ឋបាលខេត្តកំពុងមានការខ្វះខាតថវិកា រង់ចាំប្រើប្រាស់គម្រោងថវិកាក្នុងឆ្នាំ២០២០៕ ដោយ ៖ តឹង សុភាព