ស្លាប់ម្នាក់ និងរបួស៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដានេះ

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន៥លើក (យប់២លើក) បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ (ប្រុស) របួសស្រាលម្នាក់ (ប្រុស) និងរបួសធ្ងន់៤នាក់ (ស្រីម្នាក់)។ នេះយោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៥គ្រឿង, រថយន្តតូចចំនួន២គ្រឿង, រថយន្តធំចំនួន១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ៖  មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ និងស្រវឹង។

សូមបញ្ជាក់ថា រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១០៣ លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៤៦នាក់ របួសធ្ងន់៩៤នាក់ និងរបួសស្រាល៥៦នាក់៕