អាជ្ញាធរជាតិអប្សរាព្រមានចាត់វិធានការដាច់ខាត ចំពោះការចូលចាក់ដីដោយគ្មានការអនុញ្ញាត និងការពុះដីឡូតិ៍លក់ក្នុងតំបន់រមណីយដ្ឋានអង្គរ

ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរាព្រមានចាត់វិធានការដាច់ខាត ចំពោះរាល់ការដឹកដីទៅបំពេញឬសាងសង់ដោយគ្មានការអនុញ្ញាត និងការពុះដីឡូតិ៍លក់ក្នុងតំបន់រមណីយដ្ឋានអង្គរ។ ចំពោះរថយន្តដឹកដីណាដែលរកឃើញថាបានដឹកដីយកទៅចាក់បំពេញក្នុងទីតាំងណាមួយក្នុងរមណីយដ្ឋានអង្គរដោយគ្មានការអនុញ្ញាតពីក្រុមការងារមានសមត្ថកិច្ចនៃអាជ្ញាធរជាតិអប្សរា រថយន្តនោះនឹងត្រូវឃាត់ទុកក្នុងរយៈពេលយូរដោយគ្មានកាលកំណត់។

អាជ្ញាធរជាតិអប្សរាបានលើកឡើងថា រមណីយដ្ឋានអង្គរ ជាទីតាំងប្រវត្តិសាស្ត្រ និងជាទីបុរាណដ្ឋានដែលទទួលបានកិច្ចការពារកម្រិតខ្ពស់បំផុតដែលមានផ្ទៃដីទំហំ ៤០១គីឡូម៉ែត្រក្រឡា គ្របដណ្តប់ភូមិសាស្ត្រក្រុង-ស្រុកចំនួន៥ សង្កាត់-ឃុំចំនួន២២ និងភូមិចំនួន ១១២ភូមិ។ ទន្ទឹមនឹងកិច្ចការពារកម្រិតខ្ពស់បំផុត រាល់ការប្រើប្រាស់ដីធ្លីផ្តេសផ្តាស់ និងការអភិវឌ្ឍមិនសមស្រប ដែលធ្វើឱ្យមានផលប៉ះពាល់ដល់តម្លៃសម្បត្តិបេតិកភណ្ឌ និងតម្លៃទេសភាពវប្បធម៌ស្ថិតនៅក្នុងតំបន់១ និងតំបន់២នឹងត្រូវទប់ស្កាត់៕