សមត្ថកិច្ចបិទទីតាំងសិប្បកម្មផលិតទឹកក្រូចក្លែងក្លាយរបស់អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ និងព្រះវិហារ

ខេត្តកំពង់ធំ ៖ ទីតាំងសិប្បកម្មផលិតទឹកក្រូចដាក់មេ ដាក់ល័ក្ខ ចាក់ទឹក មួយកន្លែងដែលគ្មានច្បាប់ផលិតគ្មានអនាម័យ បង្កផលប៉ះពាល់ដល់សុខភាពអ្នកយកទៅទទួលទាន ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចុះទៅបង្ក្រាបចាប់ និងបិទផ្អាកសកម្មភាពផលិត កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់ព្រៃពន្លិច ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានម្ចាស់សិប្បកម្មឈ្មោះ លឹម ភ័ណ្ឌ ត្រូវជាអនុប្រធានសភាពាណិជ្ជកម្មកំពង់ធំ និងព្រះវិហារ។

ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងផលិតទឹកក្រូច ក្លែងក្លាយខាងលើ ក្រោមការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ អមដោយលោកព្រះរាជអាជ្ញារង ដួង សារ៉ន លោកឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា អនុប្រធានលេខាធិការដ្ឋានរួមទាំងសមត្ថកិច្ចអធិការក្រុងស្ទឹងសែន ដោយមានការចង្អុលបង្ហាញ ពីសំណាក់លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ( គ.ប.ផ.ក) ។

តាមប្រជាពលរដ្ឋបានលើកឡើងថា ក្រោយពីសមត្ថកិច្ចបង្ក្រាបទីតាំងផលិតទឹកក្រូចខាងលើ ម្នាក់ៗភ្លឺភ្នែក និងហួសចិត្ត មិននឹកស្មានដល់ទឹកក្រូចរបស់សិប្បកម្ម លឹម ភ័ណ្ឌ ចាក់ទឹក ដាក់ល័ក្ខ ដាក់មេ កូរ បង្ហូរច្រកដបលក់ ចែកចាយ អ្នកស្រុកស្រែចំការ សិស្សសាលាទទួលទាន មិនដឹងប៉ះពាល់សុខភាព សរីរាង្គ ដល់កម្រឹតណានោះទេ ហើយម្ចាស់សិប្បកម្មទៀតសោត មិនមែនរាស្ត្រសាមញ្ញឯណា តួនាទីអនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ ព្រះវិហារ មិនដឹងថា ច្បាប់អនុវត្តបែបណាទៅលើម្ចាស់សិប្បកម្ម ផលិតទឹកក្រូចធុនកូរស្ករ ចាក់ទឹក បែបនេះ ពលរដ្ឋមានតែរង់ចាំតាមដានទាំងអស់គ្នា៕ ដោយ ៖ ជឹម ទូច