រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចំនួន៤​គ្រឿង ត្រូវបានកម្លាំកងរាជអាវុធហត្ថលេីផ្ទៃប្រទេសបំផ្លាញ​ចោល​នៅនឹងកន្លែង​

ខេត្តមណ្ឌលគិរី ៖ នៅ​ថ្ងៃទី​១០​កក្កដា រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចំនួន ៤​គ្រឿង ដែល​រកឃើញ​នៅក្នុង​ព្រៃ​ជ្រៅ ស្ថិតក្នុង​​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ពិបាក​ក្នុង​ការនាំ​ចេញមកក្រៅ​វិញ​នោះ ត្រូវបាន​កម្លាំង​គណៈកម្មកា​រ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ​ធ្វើការ​កម្ទេចចោល​នៅនឹងកន្លែង​តែម្តង​។​

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បញ្ជាក់ដែរថា រថយន្តដឹកឈើនៅក្នុងព្រៃចំនួន៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃជ្រៅពិបាកយកចេញមកក្រៅត្រូវធ្វើការបំផ្លាញចោលតែម្តងដោយប្រើម្សៅ TNT។ សម្រាប់រថយន្តល្មើសជាង៤០គ្រឿងទៀត ដែលត្រូវបានបង្ក្រាប និងរឹបអូសផងដែរនោះ រង់ចាំការកាត់ចោល និងបំផ្លាញចោលនៅពេលក្រោយ។ ដោយឡែកសំណុំរឿងនៃការចាប់ខ្លួនឧកញ៉ា សឹង សំអុល និងបក្ខពួក៣នាក់ផ្សេងទៀត ដែលរងការចាប់ខ្លួនផងដែរនោះ ត្រូវបានលោកឧត្តមសេនីយ៍អ្នកនាំពាក្យអះអាងថា អាចផ្ទេរមកកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្ត។

សូមរម្លឹកថា ករណីចុះប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី កម្លាំងគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ីក្រោមការបញ្ជាផ្ទាល់ ពីនាយឧត្តមសេនីយ៍ សៅ សុខា បានចុះបង្ក្រាបទ្រង់ទ្រាយធំ កាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ ចាប់ខ្លួនមនុស្សបាន៤នាក់ ក្នុងនោះមានមេការក្រុមហ៊ុន២នាក់, អ្នកបើករថយន្តម្នាក់, ប្រធានក្រុមហ៊ុនម្នាក់ ឈ្មោះឧកញ៉ា សឹង សំអុល និងដកហូតបានរថយន្ដជាង៤០គ្រឿង៕