តុល្យការចុងក្រោយ ជ្រូកចំនួន៣៣៧ក្បាលងាប់ដោយជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅស្រុកអូររាំងឪ

ខេត្តត្បូងឃ្មុំ ៖ យោងតាមរបាយការណ៍ពីអាជ្ញាធរខេត្តត្បូងឃ្មុំដែលទទួលបាននៅល្ងាចម្សិលមិញបានបង្ហាញ តុល្យការចុងក្រោយនៃមហន្តរាយដោយសារតែការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅក្នុងស្រុកអូររាំងឪ បណ្តាលឱ្យសត្វជ្រូកដែលប្រជាកសិករចិញ្ចឹមចំនួន ៣៣៧ ក្បាលបានងាប់រហូតមកទល់នឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៩ ក្នុងចំណោមជ្រូកជាង ៩០០០ក្បាលដែលចិញ្ចឹមក្នុងស្រុក។

ស្ថានភាពនៃការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ត្រូវបានប្រជាពលរដ្ឋបង្ហាញក្តីព្រួយបារម្ភកាន់តែខ្លាំង ខណៈរបាយការណ៍នៃជ្រូកងាប់បានរីករាលដាលចេញពីឃុំមៀនដែលមានជ្រូកងាប់ចំនួន១៨៣ក្បាល ដល់ឃុំអំពិលតាពក ដែលមានជ្រូកងាប់ចំនួន៥៨ក្បាល ឃុំព្រះធាតុមានជ្រូកងាប់ចំនួន៦២ក្បាល។ ចំណែកឃុំ ៤ ទៀតរបស់ស្រុកនេះក៏មានជ្រូកងាប់ផងដែរ។

ជាថ្មីម្តងទៀត ប្រជាពលរដ្ឋនៅក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុងទទួលរងនូវការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក បានអំពាវនាវយ៉ាងទទូចដល់មន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកដ៏សាហាវនេះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ សុខភាពសាធារណៈផង និងអាចធ្វើឱ្យប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋ ដោយសារតែអាចធ្វើឱ្យមុខរបរចិញ្ចឹមជ្រូករបស់ពលរដ្ឋប្រឈមមុខ នឹងការខាតបង់ដើមទុនកាន់តែខ្លាំង។

ប្រជាពលរដ្ឋចំនួន ៤៦ គ្រួសារបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធនានាជួដោះស្រាយបញ្ហាប្រឈមនានាដែលពលរដ្ឋកំពុងមានឱ្យបានឆាប់ រហ័ស និងបានលើកឡើងថាស្ថានភាពផ្ទុះជំងឺនេះមិនមែនមិនធ្ងន់ធ្ងរឡើយ ព្រោះបានធ្វើឱ្យជ្រូកពួកគាត់ងាប់ជាច្រើនក្បាល និងបានខាតបង់ប្រាក់យ៉ាងច្រើនរួចស្រេចទៅហើយ។

នៅក្នុងអំឡុងពេលនៃការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ក្រុមការងារចុះជួយស្រុកអូររាំងឪ ដឹកនាំដោយលោក អ៊ាង សុផល្លែត និងក្រុមការងារដោយសហការជាមួយនឹង មន្ត្រីជំនាញកសិកម្ម បានចុះអប់រំប្រជាពលរដ្ឋ និងណែនាំពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ក្នុងគោលបំណងលុបបំបាត់មេរោគក្នុងតំបន់ ដើម្បីដំណើរការអាជីវកម្មឡើងវិញ។

លោក អ៊ាង សុផល្លែត បានជម្រាបជូនបងប្អូនប្រជាកសិករថា ការយកចិត្តទុកដាក់ឆ្លើយតបយ៉ាងសកម្មទាំងខាងជំនាញ ក៏ដូចជាក្រុមការងារគឺជាទឹកចិត្តក្នុងនាម ជាបងប្អូនក្នុងក្រុមគ្រួសារតែមួយ ដែលជានិច្ចកាលស្ថិតនៅរួមសុខ រួមទុក្ខជានិច្ចជាមួយជនរួមជាតិយើង។ ការគិតគូរពីសុខភាពសាធារណៈ គឺជាកត្តាសំខាន់ ដែលជាបញ្ហាចំបងនិងអាទិភាព។ លោកក៏បានជម្រាបជូនបងប្អូនកសិករចិញ្ចឹមជ្រូកថា ការធ្វើចរាចរណ៍ជ្រូកចេញពីតំបន់នេះ គឺអាចបង្កការឆ្លងរាលដាល ដែលនាំដល់ការខាតបង់ជាបន្តបន្ទាប់ នៅតាមតំបន់ផ្សេងៗជាបន្តទៀត។ ទន្ទឹមនោះលោកបានជំរុញឱ្យជំនាញបន្តចុះតាមដាន និងណែនាំពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ក្នុងគោលបំណងលុបបំបាត់មេរោគក្នុងតំបន់ ដើម្បីដំណើរការអាជីវកម្មឡើងវិញ។

ជាមួយគ្នានោះលោកបានសំណូមពរឱ្យមានកិច្ចសហការល្អប្រសើរក្នុងការចាត់វិធានបសុពេទ្យក្នុងការរំងាប់មេរោគទូទាំងឃុំ និងចូលរួមអនុវត្តនូវវិធានការនានាតាមការណែនាំរបស់ជំនាញ ព្រមទាំងរាយការណ៍ជាបន្ទាន់ពីករណីសត្វឈឺ និងស្លាប់ ដើម្បីធ្វើយ៉ាងណាឱ្យឲ្យតំបន់នេះ ឆាប់បានប្រកាសរំសាយពីជម្ងឺនេះ។ លោកបានគូសបញ្ជាក់ថា សូមឲ្យបងប្អូនអាជីវករមេត្តាយកចិត្តទុកដាក់ចូលរួមដោះស្រាយបញ្ហាដើម្បីប្រយោជន៍រួម និងសូមគិតសមូហភាពជាកត្តាចំបង៕