អភិបាលខេត្ត​មណ្ឌលគិរី ៖ ឧកញ៉ា សឹង សំអុល និង​អ្នកពាក់ព័ន្ធ​៣​នាក់​ទៀត កំពុងស្ថិត​ក្នុងការ​សួរនាំ

ខេត្តមណ្ឌលគិរី ​៖ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បានឲ្យដឹងនៅ​ល្ងាច​ថ្ងៃទី​១០ កក្កដា ២០១៩ថា ឧកញ៉ា សឹង សំអុល និង​អ្នក​ពាក់ព័ន្ធ​៣​នាក់​ទៀត កំពុង​ស្ថិត​ក្នុងការ​សួរនាំ​ពី​សំណាក់​កម្លាំង​ជំនាញ​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​។ លោកថា កម្លាំង​ជំនាញ​នៅ​បន្ត​តាមដាន ​និង​ផ្ទៀងផ្ទាត់​ចម្លើយ​សារភាព​ទៅ​និង​សកម្មភាព ដែល​ក្រុមហ៊ុន​នោះ​ប្រ​ប្រឹ​ត្ត​ថា​តើ​ត្រឹមត្រូវ នោះទេ។

ដោយឡែកអ្នកនាំពាក្យ​សាលាដំបូង​ខេត្តមណ្ឌលគិរី លោក​ព្រះរាជអាជ្ញារង ម៉ម វ៉ាន់ដា បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃទី​១០ កក្កដា ២០១៩​នេះដែរ​ថា នៅ​មិនទាន់មាន​ការបញ្ជូន​ខ្លួនឧកញ៉ា សឹង សំអុល និង​អ្នកពាក់ព័ន្ធ​មក​សាលាដំបូង​ខេត្តមណ្ឌលគិរី​ទេ​។ លោក​ថា នៅពេលដែល​កម្លាំង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បញ្ជូន​អ្នក ពាក់ព័ន្ធ​មក​សាលាដំបូង ទើប​អាច​ដឹងថា គេ​បញ្ជូនមក​អំពី​បទល្មើស​អ្វី​។​

​បើតាមអ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី បញ្ជាក់ដែរថា ​សំណុំរឿង​នៃ​ការចាប់ខ្លួន​លោក​ឧកញ៉ា ស៊ឹង សំអុល និង​បក្ខពួក​៣​នាក់​ផ្សេងទៀត ដែល​រង​ការ​ចាប់ខ្លួន​ផងដែរ​នោះ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​អ្នកនាំពាក្យ​អះអាងថា អាច​ផ្ទេរ​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​។​

​សូម​រម្លឹកថា ករណី​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី កម្លាំង​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដែល​ដឹកនាំ​ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ចុះ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ កាលពី​រសៀល​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១​នេះ ចាប់ខ្លួន​មនុស្ស​បាន​៤​នាក់ ក្នុងនោះ ​មាន​មេការ​ក្រុមហ៊ុន​២​នាក់​, អ្នកបើករថយន្ត​ម្នាក់​, ប្រធាន​ក្រុមហ៊ុន​ម្នាក់ ឈ្មោះ​ឧកញ៉ា ស៊ឹង សំអុល និង​ដកហូត​បាន​រថយន្ដ​ជាង​៤០​គ្រឿង​៕