អភិបាលខេត្តកំពង់ចាម ចុះពិនិត្យគម្រោងសាង សង់ប្រព័ន្ធលូប្រមាណ៣.០០០ម៉ែត្រ ក្នុងសង្កាត់សំបួរមាស

ខេត្តកំពង់ចាម ៖  លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមនៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះបានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យគម្រោងសាងសង់ប្រព័ន្ធលូ រំដោះទឹកដែលមានប្រវែង២.៩៤០ម៉ែត្រ និងដាក់អណ្តូងលូមុខកាត់១ម៉ែត្រចំនួន១២០កន្លែងចាប់ពីរង្វង់មូលនាងគង្ហីង រហូតដល់ស្ពានព្រែកដើមចាន់ និងភូមិតាណេង ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលនឹងត្រូវចាប់ផ្តើមនៅពេលឆាប់ៗខាងមុខនេះ។

លោកអភិបាលបានបញ្ជាក់ផងដែរថា ៖  ដោយសារកន្លងមកនេះក្នុងក្រុងកំពង់ចាមយើងមានការកកស្ទះប្រព័ន្ធលូទឹកកខ្វក់នៅពេលភ្លៀងធ្លាក់ម្តងៗ ពីព្រោះប្រព័ន្ធលូចាស់ ហើយតូចចង្អៀតគឺមានការកកស្ទះ ដោយមើលឃើញការលំបាករបស់ប្រជាពលរដ្ឋនៅសងខាងផ្លូវ ក្នុងតំបន់ខាងលើដូច្នេះ ទើបលោក សម្រេចនឹងសាងសង់ឡើងវិញដើម្បីកុំមានការកកស្ទះបន្តទៀត និងការកែលម្អ សោភ័ណ្ឌភាពទីក្រុងផង ឲ្យមានបរិស្ថាន និងអនាមយ័ល្អ ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋយើងផង៕ ដោយ ៖ ស៊ាន ចន្ទ័ដា