លោក ស៊ុន ចាន់ថុល ជំរុញឱ្យក្រុមហ៊ុនសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងព្រះសីហនុពន្លឿនការសិក្សាគម្រោងលម្អិត

ខេត្តព្រះសីហនុ ៖ ថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធ។

លោកទេសរដ្ឋមន្ត្រីបានសម្ដែងការកោតសរសើរ ចំពោះមន្ត្រីទទួលបន្ទុកទាំងអស់ដែលបានខិតខំបំពេញការងារប្រកបដោយទំនួលខុសត្រូវ និងបានជំរុញឱ្យក្រុមហ៊ុនទាំងអស់ពន្លឿនការសិក្សាគម្រោងលម្អិតរបស់ខ្លួន ដើម្បីឈានដល់ការអនុវត្តនាពេលឆាប់នេះ។ លោកសង្កត់ធ្ងន់ថា រាល់បណ្ដាញហេដ្ឋារចនាសម្ព័ន្ធមកពីប្រភពផ្សេងគ្នាត្រូវតែតបញ្ចូលគ្នាទៅតាមទីតាំង ដូចបានកំណត់នៅក្នុងផែនការមេ ដើម្បីបញ្ជូនទឹកកខ្វក់ទាំងនោះទៅកាន់អាងប្រព្រឹត្តិកម្ម។

សូមបញ្ជាក់ថា៖ ផែនការមេគ្រប់គ្រងបណ្ដាញប្រព័ន្ធទឹកកខ្វក់ត្រូវបានសិក្សាចប់សព្វគ្រប់ ដោយមានស្ថានីយបូមសំខាន់ៗចំនួនបួនកន្លែងរួមមាន ស្ថានីយឆ្នេរឯករាជ្យ ស្ថានីយអូរសម្អាត (ជាប់សណ្ឋាគារសុខា) ស្ថានីយអូរសម្អាត និងស្ថានីយអូរឈើទាល។ បច្ចុប្បន្នក្រុមហ៊ុនមួយចំនួនកំពុងសិក្សាគម្រោងលម្អិតក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពីស្ថានីយទាំងនោះទៅកាន់អាងច្រោះទឹកកខ្វក់៕ ដោយ ៖ តឹង សុភាព