នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញចុះពិនិត្យករណីបាក់ច្រាំងទន្លេក្នុងខេត្តកំពង់ចាម និងរកវិធីទប់ស្កាត់

ខេត្តកំពង់ចាម ៖ ឆ្លើយតបទៅនឹងការសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្តកំពង់ចាម ព្រឹកថ្ងៃទី១០ ខែក្កដា ឆ្នាំ២០១៩ នេះ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសហការី បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រអញ្ជើញ ចុះពិនិត្យមើលករណីបាក់ច្រាំងទន្លេក្នុងភូមិសាស្ត្រ ភូមិព្រះអណ្តូង ឃុំព្រះអណ្តូង និងភូមិពាម ឃុំពាម កោះស្លា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

តាមអាជ្ញាធរខេត្តកំពង់ចាមបានឱ្យដឹងថា កាលពីរដូវទឹកសម្រកទន្លេមេគង្គឆ្នាំ២០១៨កន្លងទៅ ចាំងទន្លេនៅភូមិព្រះអណ្តូង ឃុំព្រះអណ្តូង និងភូមិពាម ក្នុងឃុំកោះស្លា ស្រុកស្ទឹងត្រង់ខេត្ត ពិសេស នៅចំណុចមុខសាលាបឋមសិក្សាព្រះអណ្តូង ទទួលរងនូវការបាក់ស្រុតជាបន្តបន្ទាប់ ដែលបណ្តាលឱ្យ ផ្លូវខេត្តលេខ២២៣ ប្រវែង៣០០ម៉ែត្រ ប្រឈមនឹងការបាក់ស្រុតដែលអាចនាំឱ្យកាត់ផ្តាច់ចរាចរណ៍ពី ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយដោយសាររដ្ឋបាលខេត្តពុំមាន បច្ចេកទេស និងថវិកាគ្រប់គ្រាន់ក្នុងការសិក្សាលក្ខណៈបច្ចេកទេស ដើម្បីបញ្ចៀសការបាក់ស្រុតច្រាំង ទន្លេដែលនឹងឈានដល់ការកាត់ផ្តាច់ចរាចរណ៍នៅត្រង់ចំណុចខាងលើ ពិសេសនៅមុនរដូវទឹកឡើង ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តបានសុំកិច្ចអន្តរាគមន៍ដល់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការចុះ សិក្សាលក្ខណៈបច្ចេកទេស ដើម្បីទប់ស្កាត់ការបាក់ស្រុតផ្លូវខេត្តលេខ២២៣ នៅត្រង់ចំណុចប៉ះពាល់ ខាងលើឱ្យបានទាន់ពេលវេលា។

ក្នុងឱកាសនៃការអញ្ជើញចុះពនិត្យច្រាំងទន្លេបាក់ក្នុងភូមិសាស្ត្រ ភូមិព្រះអណ្តូង ឃុំព្រះអណ្តូង និងភូមិពាម ឃុំពាម កោះស្លា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនេះ នាយឧត្តមសេនីយ៍ គន់ គីម បានអំពាវនាវដល់ពលរដ្ឋប្រមាណ ១៣០គ្រួសារដែលទទួលរងនូវផលប៉ះពាល់ពីការបាក់ច្រាំងទន្លេឱ្យ មានការប្រុងប្រយ័ត្នខ្ពស់ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ ជាពិសេសនៅពេលទឹកឡើងក្នុងពេលណាមួយ នោះ ខណៈដែលបច្ចុប្បន្ននេះច្រាំងទន្លេនៅទីនោះបានបាក់ចាប់ពី១០ ទៅ៣០ម៉ែត្ររួចមកហើយនោះ ហើយការដែលលោកអញ្ជើញចុះមកពិនិត្យមើលដោយផ្ទាល់នាពេលនេះគឺដើម្បីរកវិធីទប់ស្កាត់កុំឱ្យ ផ្លូវខេត្តលេខ២២៣ ប្រវែង៣០០ម៉ែត្រ បាក់ស្រុតបាន៕