រុស្ស៊ីត្រៀមចំណាយ ៣.១៣ពាន់លានដុល្លារផលិតនាវាដឹកយន្តហោះចម្បាំង អាចផ្ទុកយន្តហោះជាង៤០គ្រឿង

ម៉ូស្គូ ៖ មជ្ឈមណ្ឌលស្រាវជ្រាវរុស្ស៊ី គ្រីឡូវ (Krylov) របស់ប្រទេសរុស្ស៊ីបានឱ្យដឹងថា នាវាផ្ទុកយន្ដហោះចម្បាំងស៊េរីថ្មី ដែលកំពុងស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ នឹងមានសមត្ថភាពផ្ទុកយន្ដហោះចម្បាំង និងយន្ដហោះដ្រូនច្រើនជាង ៤០គ្រឿង។ នេះបើតាមសារព័ត៌មានរុស្ស៊ី Sputnik។

យោងតាមមជ្ឈមណ្ឌល Krylov នាវាផ្ទុកយន្ដហោះចម្បាំងថ្មីខាងលើ នឹងត្រូវផ្ដល់ឱ្យកងនាវារុស្ស៊ី ហើយនាវានេះគឺមានសមត្ថភាពផ្លាស់ទីជាមួយទម្ងន់៤០,០០០តោន។ វានឹងត្រូវចំណាយពេល០៥ឆ្នាំក្នុងការផលិត ព្រមទាំងមានតម្លៃ ៣.១៣ពាន់លានដុល្លារ។ បើតាមមជ្ឈមណ្ឌល Krylov នាវាផ្ទុកយន្ដហោះចម្បាំងស៊េរីថ្មីនេះអាចនឹងក្លាយ ជាផ្ទះរបស់យន្ដហោះដ្រូនល្បាតសមុទ្រ និងយន្ដហោះចម្បាំង Su-57 ចំនួន៤០គ្រឿង ឬអាចច្រើនជាងនេះ។

សូមជម្រាបថា បច្ចុប្បន្នប្រទេសរុស្ស៊ី ដែលជាមហាអំណាចយោធាលំដាប់ទី ២ នៅលើពិភពលោក​នោះមាននាវាផ្ទុកយន្តហោះចម្បាំងត្រូវស្តង់ដា កំពុងបំពេញប្រតិបត្តិការតែមួយគ្រឿងប៉ុណ្ណោះ ខណៈមួយចំនួនទៀតត្រឹមតែបន្ទាប់បន្សំប៉ុណ្ណោះ និងមានសភាពចាស់ផងដែរ។ ដោយឡែក​សហរដ្ឋអាមេរិកវិញមាននាវាដឹកយន្តហោះចម្បាំងខ្នាតធំសរុប ១១គ្រឿងកំពុងបំពេញប្រតិបត្តិការ ខណៈមួយគ្រឿងចុងក្រោយ និងធំជាងគេបំផុតឈ្មោះ USS Gerald R. Ford មានសមត្ថភាពផ្ទុកយន្តហោះចម្បាំង ៩០គ្រឿង៕