វៀតណាមត្រៀមចំណាយ២៦ពាន់លានដុល្លារអាមេរិក សាងសង់ផ្លូវរថភ្លើងល្បឿនលឿន​ភ្ជាប់ភាគខាងជើងទៅភាគខាងត្បូង

ហាណូយ ៖ សារព័ត៌មាន Vietnam News daily បានរាយការណ៍ថា រដ្ឋាភិបាលវៀតណាមត្រៀមចាយប្រាក់២៦ពាន់លានដុល្លារក្នុងការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភាគខាងជើង-ភាគខាងត្បូង របស់ប្រទេសវៀតណាម ដែលនឹងអនុញ្ញាតឱ្យអ្នកដំណើរធ្វើដំណើររវាងទីក្រុងហាណូយ និងទីក្រុងហូជីមិញក្នុងរយៈពេល៨ម៉ោង។

ដោយផ្អែកលើអ្នកជំនាញមកពីអាល្លឺម៉ង់ និងហូឡង់ ក្រសួងផែនការ និងវិនិយោគវៀតណាម ក៏បានបញ្ជាក់ដែរថា ផ្លូវល្បឿនលឿនខាងលើអាចឱ្យរថភ្លើងរត់ក្នុងល្បឿន២០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ប៉ុន្តែកាលពីពេលមុន ក្រសួងដឹកជញ្ជូនវៀតណាមធ្លាប់បានស្នើឡើងនូវគម្រោងសាងសង់ផ្លូវដែកថ្មីមួយ ដែលអាចឱ្យរថភ្លើងរត់ក្នុងល្បឿន ៣២០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ ជាមួយគម្រោងវិនិយោគ ៥៨.៧ពាន់លានដុល្លារសម្រាប់រយៈពេល ៣០ឆ្នាំ ដោយរាប់ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៥០។

សូមជម្រាបថា វិស័យផ្លូវដែករបស់វៀតណាមបានដឹកជញ្ជូនអ្នកដំណើរ ៤.២លាននាក់ និងទំនិញ ២.៦លានតោនត្រឹមរយៈពេល៦ខែដំបូងក្នុងឆ្នាំ២០១៩នេះ។ ការដឹកជញ្ជូនផ្លូវដែកមិនត្រឹមតែ​ជួយសម្រួលអ្នកដំណើររាប់សិបលាននាក់ក្នុងមួយឆ្នាំៗនៅវៀតណាមប៉ុណ្ណោះទេ តែវាថែមទាំងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍ នៃប្រទេសអាស៊ានមួយនេះផងដែរ៕