ស្នងការរាជធានីភ្នំពេញ ៖ ការសិក្សាវគ្គជំនាញដើរតួនាទីសំខាន់ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសដែលកំពុងវិវត្តន៍ពីមួយថ្ងៃទៅមួយថ្ងៃ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាករាជធានីភ្នំពេញ​ បានអញ្ជើញចូលរួមផ្តល់លិខិតបញ្ជាក់ការសិក្សាវគ្គបំប៉នជំនាញ បច្ចេកទេសវិទ្យាសាស្រ្ត និងការគ្រប់គ្រងការស្នាក់នៅជំនាន់ទី៤​ ដល់សិក្ខាកាមជាងចំនួន២០០នាក់។

ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានបញ្ជាក់ថា ការសិក្សារៀនសូត្រវគ្គជំនាញនេះ​ ពិតជាដើរតួនាទីសំខាន់ណាស់ ព្រោះវាបានជួយឲ្យកាន់ប្រសើរឡើង​ ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសដែលកំពុងតែវិវត្តន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសប្រើវិធានការក្ដៅ ដើម្បីលុបបំបាត់ម៉ូតូទាំងឡាយណា ដែលកែច្នៃស៊ីម៉ាំងមានសំឡេងឮខ្លាំងៗ រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯកបានលើកឡើងថា ការអនុវត្តចំពោះមុខ ខណ្ឌដូនពេញត្រូវមានវិធានការមុនគេ ក្នុងការលុបបំបាត់ម៉ូតូ ដែលបង្កសំឡេងរំពងខ្លាំង ជាពិសេសនៅពេលរាត្រី ព្រោះវាពិតជាបានរំខានដល់ពលរដ្ឋ ជាពិសេសចាស់ៗ ដែលពួកគាត់ពិបាកសម្រានទៅវិញ នៅពេលភ្ញាក់ពីដំណេក។

ក្រៅពីនេះស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានជំរុញឲ្យទប់ស្កាត់ការប្រណាំងម៉ូតូ ជាពិសេសក្រុមសិស្សសាលា នៅក្នុងរាជធានីភ្នំពេញ ហើយនៅពេលឃាត់បានហើយ ត្រូវហៅអាណាព្យាបាល ដើម្បីធ្វើកិច្ចសន្យា និងអប់រំ៕