អ្នកនាំពាក្យក្រសួងអប់រំ ៖ តួលេខបណ្តោះអាសន្ន បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ កើនជិត៦ពាន់នាក់ ធៀបឆ្នាំមុន

ភ្នំពេញ ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា សម្រាប់ការប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ ឬបាក់ឌុប មានដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ តួលេខបណ្តោះអាសន្ន នៃបេក្ខជន មានចំនួន១១៩,២១៧នាក់ កើនឡើងជិត៦ពាន់នាក់ បើធៀបនឹងឆ្នាំ២០១៨។

លោក រស់ សុវាចា បានឲ្យដឹងតាមប្រព័ន្ធសារអេឡិចត្រូនិក នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះថា បើតាមរបាយការណ៍វឌ្ឍនភាព គិតត្រឹមសប្តាហ៍នៃខែកក្កដានេះ មានបេក្ខជនដាក់ពាក្យចូលរួមប្រឡង សរុប១១៩,២១៧ នាក់ កើន៥៨៥២នាក់ បើធៀបនឹងវត្តមានឆ្នាំ២០១៨ ក្នុងនោះបេក្ខជនស្រ្តី ចំនួន៦១០៣១នាក់។ សម្រាប់ថ្នាក់វិទ្យាសាស្ត្រមានបេក្ខជន ចំនួន៤៥៤១៤ (៣៨%) ស្រ្តី ២៥៥២៦នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៧៣៨០៣នាក់ (៦២%) ស្រ្តី៣៥៥៣៨នាក់។

អ្នកនាំពាក្យ បានឲ្យដឹងទៀតថា ចំពោះមណ្ឌលប្រឡងមានចំនួន២០២ កើន៦មណ្ឌលធៀបនឹងជាក់ស្តែងឆ្នាំ២០១៨ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ៧៥ ថយ២៤មណ្ឌល ធៀបនឹងជាក់ស្តែងឆ្នាំ២០១៨ និងថ្នាក់វិទ្យាសាស្ត្រសង្គម១២៧ កើន៣០មណ្ឌលធៀបនឹងជាក់ស្តែងឆ្នាំ២០១៩។ លោក រស់ សុវាចា ក៏បានឲ្យដឹងទៀតថា សម្រាប់បន្ទប់ប្រឡងមានចំនួន៤៨០៩ កើនឡើង១៥៤ ធៀបនឹងឆ្នាំ២០១៨។

យ៉ាងណាក្តីបើតាមអ្នកនាំពាក្រសួងអប់រំដដែលតួលេខខាងលើនេះមិនទាន់ជាតួលេខចុងក្រោយនោះទេ ដោយសារក្រសួងបានកំពុងចុះពិនិត្យ នៅតាមមណ្ឌលប្រឡង។
ថ្នាក់វិទ្យាសាស្រ្តសង្គមមានមុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា, ប្រវត្តិវិទ្យា, ភូមិវិទ្យា, ភាសាបរទេស, គណិតវិទ្យា, សីលធម៌ ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ។ ផ្នែកវិទ្យាសាស្ត្រមានមុខវិជ្ជា៖ ប្រវត្តិវិទ្យា, ជីវវិទ្យា, គីមីវិទ្យា, ភាសាបរទេស, អក្សរសាស្ត្រខ្មែរ, រូបវិទ្យា និងគណិតវិទ្យា។

សម្រាប់សម័យប្រឡងឆ្នាំ២០១៩នេះ ក្រសួងក៏បានកាត់បន្ថយមុខវិជ្ជាពី១០មុខមកត្រឹម៧មុខវិជ្ជាវិញ។ការបន្ថយមុខវិជ្ជានេះ ត្រូវបានអ្នកនាំពាក្យបញ្ជាក់ថា ដើម្បីបន្ថយបន្ទុកនិងការខ្វល់ខ្វាយរបស់បេក្ខជន។

សូមជម្រាបថា សម័យប្រឡងបាក់ឌុបនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០សីហាខាងមុខនេះ ហើយក្រសួងបែងចែកមុខវិជ្ជាប្រឡងពីរផ្នែក គឺផ្នែកវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម៕