រដ្ឋមន្រ្តីក្រសួងអប់រំ ៖ “ក្នុង​យុគសម័យ​បច្ចេកវិទ្យា ប្រសិន​បើ​​មិន​ចេះ​បច្ចេកវិទ្យា យើង​មិន​អាច​ដើរ​ទាន់​ប្រទេស​​ដទៃ​ឡើយ” ​​

​ភ្នំពេញ ៖ លោកបណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើក​ឡើងថា “ក្នុង​យុគសម័យ​បច្ចេកវិទ្យា ប្រសិន​បើ​​មិន​ចេះ​បច្ចេកវិទ្យា យើង​មិន​អាច​ដើរ​ទាន់​ប្រទេស​​ដទៃ​ឡើយ”។  ​​
​លោកលើកឡើងបែប​នេះ ក្នុង​ពិធី​​​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​បន្ទប់​បណ្ដុះបណ្ដាល​កុំព្យូទ័រនៅ​សាលា​បឋម​សិក្សា​បាក់​ទូក កាលពីម្សិលមិញ។

លោកបណ្ឌិតសភាចារ្យ​បាន​មាន​ប្រសាសន៍​ថា កុំព្យូទ័រ ដែល​ជា​ថវិកា​របស់​ក្រសួង​ផ្ទាល់ ត្រូវ​បាន​ប្រគល់​ជូន​តែ​សាលា​រៀន​ដែល​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ចេះ​ទាំ​ ដែល​ជា​កត្តា​ដ៏​សំខាន់ ដើម្បី​ធ្វើ​យ៉ាង​ឱ្យ​សិស្ស​មាន​ទាំង​ចំណេះ​ដឹង ចរិយា​សម្បទា ប្រកប​ដោយ​បំណិន ក្លាយ​ជា​ពលរដ្ឋ​ល្អ និង​ជា​ធនធាន​ដ៏​កម្រ ធនធាន​ល្អ​របស់​កម្ពុជា។

សូម​ជម្រាប​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រគល់​បន្ទប់​បណ្ដុះបណ្ដាល​កុំព្យូទ័រ​ស្តង់ដារ​បច្ចេកទេស ICT ០១​បន្ទប់ ជូន​ដល់​សាលា​បឋម​សិក្សា​បាក់​ទូក ដែល​ក្នុង​នោះ​មាន​ដូច​ជា កុំព្យូទ័រ ប្រភេទ Thin Client ដែល មាន​កុំព្យូទ័រ​គ្រូ ចំនួន០១គ្រឿង និង​កុំព្យូទ័រ​សិស្ស​ចំនួន​២៥​គ្រឿង សរុប​២៦គ្រឿង ម៉ាស៊ីន​ព្រីន​ធ័រ (Printer 3 Funtion Print, Scan, Copy) ចំនួន​០១ គ្រឿង ម៉ាស៊ីន​បញ្ចាំង​ស្លាយ (LCD Projector) ចំនួន​០១​គ្រឿង ​ផ្ទាំង​បញ្ចាំង​ស្លាយ (Screen Projector) ចំនួន​មួយ​គ្រឿង៕