ចិន ៖ អន្តរជាតិមិនគួរបញ្ចេញប្រតិកម្មខ្លាំងពេក ចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់នោះទេ!

ប៉េកាំង ៖ ថ្លែងក្នុងកិច្ចប្រជុំទីភ្នាក់ងារឃ្លាំមើលថាមពលអាតូមិចអន្តរជាតិ (IAEA) លោក ហ៊្វូ កុង (Fu Cong) ប្រធានប្រតិភូចិនបាននិយាយថា សហគមន៍អន្តរជាតិមិនគួរបញ្ចេញប្រតិកម្មជ្រុលហួសហេតុ ដោយគ្មានហេតុផលចំពោះសកម្មភាពនុយក្លេអ៊ែអ៊ីរ៉ង់នាពេលថ្មីៗនេះទេ ព្រោះវាមិនបានបង្កជាហានិភ័យធ្ងន់ធ្ងរអ្វីនោះឡើយ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ។

លោក Fu Cong បានគូសបញ្ជាក់នៅក្រោយកិច្ចប្រជុំ នៅថ្ងៃពុធសប្ដាហ៍នេះយ៉ាងដូច្នេះថា «សហគមន៍អន្តរជាតិមិនគួរបញ្ចេញប្រតិកម្មខ្លាំងហួសហេតុ និងគ្មានហេតុផល ចំពោះសកម្មភាពរបស់អ៊ីរ៉ង់ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរនោះទេ ដ្បិតសកម្មភាពទាំងនេះ មិនបានបង្កជាហានិភ័យអ្វីធ្ងន់ធ្ងរទាល់តែសោះ ពោលគឺវាគ្រាន់តែជាសកម្មភាព មិនគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរតែប៉ុណ្ណោះ»។

កិច្ចប្រជុំ IAEA ត្រូវបានធ្វើឡើងតបតាមសំណើរបស់សហរដ្ឋអាមេរិក បន្ទាប់ពីអ៊ីរ៉ង់ប្រកាសចាប់ផ្ដើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ ឱ្យលើសកម្រិតដែលត្រូវដាក់កំហិត នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥៕