ជំងឺគ្រុនឈាមនៅខេត្តបាត់ដំបងកើតឡើងជាង៧០០ករណី កើន៣ដងនៃឆ្នាំមុន តែមានស្លាប់៥នាក់ប៉ុណ្ណោះ

ខេត្តបាត់ដំបង ៖ តាមរបាយការណ៍សាខាកក្រកបាត់ដំបងបានឲ្យដឹងថា គ្រុនឈាមគឺជាជំងឺរបស់មនុស្សគ្រប់វ័យ ដែលបង្កឡើងដោយសត្វមូសខ្លាញីខាំបឺតឈាមចម្លងមេរោគគ្រុនឈាមពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត បច្ចុប្បន្នស្ថានភាពជំងឺគ្រុនឈាមនេះបាននឹងកំពុងតែផ្ទុះឡើងក្នុងអំឡុងឆ្នាំ ២០១៩នេះមានការកើនឡើងគួរឲ្យកត់សំគាល់ ច្រើនជាងឆ្នាំ២០១៨កន្លងទៅ។

ក្នុងចំណោមនោះ ខេត្តបាត់ដំបងមានជំងឺគ្រុនឈាមកើតឡើងចំនួនជាង៧២៣ករណីនិងមានការបាត់បង់ជីវិតអ្នកជំងឺចំនួន៥នាក់។ នេះបើតាមការផ្តល់នូវបទសម្ភាសន៍របស់ លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងជា ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង នៅក្នុងឱកាសដែលមន្ទីរ បានសហការជាមួយមន្ត្រី និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសាខាខេត្តបាត់ដំបង បានចុះដាក់ថ្នាំអាបេត និងការបាញ់ថ្នាំសម្លាប់សត្វមូស នៅសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃនេះ។

ដើម្បីការពារសុខភាពជៀសផុតពីការឆ្លងជំងឺគ្រុនឈាមដោយសារមូសខ្លាញីខាំ និងការខាំរបស់សត្វមូស ពិសេសដើម្បីបង្ការការឈឺ និងស្លាប់ ដោយសារជំងឺគ្រុនឈាមឲ្យកាន់តែមានប្រសិទ្ធភាពនោះ ក្នុងនាមមន្ទីរសុខាភិបាលខេត្តបាត់ដំបង ឯកឧត្តមឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបនិងអាជ្ញាធរមូលដ្ឋានត្រូវចូលរួមចលនាកាត់បន្ថយនិងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ភ្ជាប់នូវគោលជំហរជាប្រជាជនគំរូមួយរូប គឺ ខ្ញុំនិងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំនិងលំនៅដ្ឋានរបស់ខ្ញុំគ្មានដង្កូវទឹក ។

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ក៏បានបញ្ជាក់ដែរថា ការផ្ទុះជំងឺគ្រុនឈាមនេះមិនមែនតែកើតមាននៅក្នុងខេត្តបាត់ដំបង ឬប្រទេសកម្ពុជានោះទេ តែនៅប្រទេសជិតខាងយើងក៏មានការផ្ទុះជំងឺនេះដូចគ្នាដែរ ហើយជំងឺគ្រុនឈាមនេះអាចទប់ស្កាត់បាន ដោយរួមគ្នាសំអាតបរិស្ថាននៅជុំវិញលំនៅដ្ឋានឲ្យបានស្អាត និងដុតឬកប់ចោលវត្ថុដែលអាចដក់ទឹក ដើម្បីបំបាត់ទីជម្រកសត្វមូសពងកូន ទើបអាចជៀសផុតពីការចម្លងជំងឺគ្រុនឈាម៕