តុលាការនឹងបន្តសាកសួរ លោក សឹង សំអុល និងអ្នកពាក់ព័ន្ធ៣នាក់ទៀតនៅថ្ងៃនេះ

ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ លោក សឹង សំអុល និងអ្នកពាក់ព័ន្ធដែល ត្រូវបានឃាត់ខ្លួនសួរចម្លើយពីបទល្មើសព្រៃឈើ តាំងពីថ្ងៃទី០៩ ខែកក្កដា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីពីសំណាក់កម្លាំងជំនាញគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ។

ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉ម វ៉ាន់ដា បានឲ្យដឹងនៅល្ងាច ថ្ងៃទី១១ ខែកក្កដាថា ក្នុងចំណោមនុស្ស០៤នាក់ មាន៣នាក់ជាប់ពាក់ព័ន្ធត្រូវបញ្ជូនមកសាលាដំបូង ខេត្ត ក្នុងនោះរួមមាន លោក សឹង សំអុល ម្នាក់ដែរ។ លោកថា ការសាកសួរលោក សឹង សំអុល និង មនុស្ស២នាក់ទៀត មិនទាន់បញ្ចប់នោះទេ រង់ចាំសួរបន្តនៅថ្ងៃនេះ (១២កក្កដា )។ ចំណែក លោក សឹង សំអុល និងអ្នកពាក់ព័ន្ធបានបញ្ជូនមកផ្ញើនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត១យប់សិន។

សូមរម្លឹកថា ករណីចុះប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី កម្លាំងគណៈកម្មាធិការ ជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា បានចុះបង្ក្រាបទ្រង់ទ្រាយធំកាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ដោយបានចាប់ខ្លួនមនុស្ស៤ នាក់ ក្នុងនោះមានមេការក្រុមហ៊ុន២នាក់, អ្នកបើករថយន្តម្នាក់, ប្រធានក្រុមហ៊ុនម្នាក់គឺឧកញ៉ា ស៊ឹង សំអុល និងដកហូតបានរថយន្ដជាង៤០គ្រឿង និងបំផ្លាញរថយន្ត៤គ្រឿងចោលនៅក្នុងព្រៃតែម្ដងកាលពី ថ្ងៃទី១០ កក្កដា ចំណែករថយន្តល្មើសជាង៤០គ្រឿងទៀតដែលត្រូវបានបង្ក្រាប និងរឹបអូសផងដែរនោះ រង់ចាំកាត់ចោល និងបំផ្លាញចោលនៅពេលក្រោយ៕ ដោយ ៖ ជឹម ទូច