ម៉ូតូកែច្នៃ១១គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលស្រុកកែវសីមា ចាប់អប់រំណែនាំ

ខេត្តមណ្ឌលគិរី ៖ អធិការដ្ឋាននគរបាលស្រុកកែវសីមាកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញបានប្រគល់ម៉ូតូកែច្នៃខុសបច្ចេកទេសចំនួន១១គ្រឿង ដែលកម្លាំងបានចាប់ឃាត់ និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ក្រោមវត្តមានលោក នួន សារ៉ន អភិបាល នៃគណៈអភិបាលស្រុកកែវសីមា និងដោយយោងតាមបទបញ្ជាដ៏ខ្ពង់ស់របស់លោកឧត្តមសេនីយ៍ទោឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ។

មុនពេលប្រគល់ លោក នួន សារ៉នអភិបាល នៃគណៈអភិបាលស្រុកកែវសីមា និងលោកអធិការស្តីទី នៃអធិការដ្ឋាននគរបាលស្រុក បានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាអោយអ្នកទាំងនោះ ដូចជា ៖

បញ្ឈប់ការដឹកឈើខុសច្បាប់គ្រប់រូបភាព។ មិនឲ្យធ្វើចរាចរម៉ូតូប្រភេទនេះលើដងផ្លូវជាតិ។ ប្តូរស៊ីម៉ាំងដែលបង្កសំឡេងរំខាន និងពេលត្រឡប់ទៅផ្ទះវិញផ្សព្វផ្សាយដល់អ្នកជិតខាងឲ្យបានយល់ដឹងពីបញ្ហានេះ ៕ ដោយ ៖ ជឹម ទូច