លោក ពេជ្រ ប៊ុនធិន ដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយធ្វើឲ្យយើងមានឱកាសធ្វើបុណ្យសន្សំកុសលរួមគ្នា

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ លោករដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ  ពេជ្រ ប៊ុនធិន និងបណ្ឌិត ឈួន ថាវរិន្ធ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន ទេយ្យវត្ថុមួយចំនួនទៅប្រគេនព្រះសង្ឃចំនួន២៦វត្ត ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

លោករដ្ឋមន្រ្តី ពេជ្រ ប៊ុនធិន បានគូសបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋយើងសព្វថ្ងៃបានប្រកាន់ខ្ជាប់នូវ ទំនៀមទំលាប់ប្រពៃណីជាតិខ្មែរ សាសនាតាំងពីដូនតាយើងមកម្លេះ។ ម្យ៉ាងទៀតក៏ដោយសារប្រទេសជាតិមាន សុខសន្តិភាព ស្ថិរភាពនយោបាយរហូតមកបច្ចុប្បន្នបានធ្វើឲ្យប្រជាពលរដ្ឋយើងមានជីវភាពធូ ធារ និងមានឱកាសធ្វើបុណ្យសន្សំកុសលរួមគ្នា និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធិចក្រ។

លោកបន្ថា ហេដ្ឋារចនាសម្ព័ន្ធ័រូបវ័ន្តនានាបានកើតឡើងគ្រប់តំបន់តាំងពីទីក្រុងរហូតដល់ជនបទ។ ដោយឡែកវិស័យពុទ្ធសាសនាជាសាសនារបស់រដ្ឋត្រូវបានលើកតម្កើងដើម្បីបញ្ជាក់ពីវប្បធម៌ប្រពៃណីជាតិខ្មែរយើង។

សូមបញ្ជាក់ផងដែរថា ទៀនព្រះវស្សា និងទេយ្យទាន ទេយ្យវត្ថុយកមកប្រគេនព្រះសង្ឃនាពេលនេះ គឺ ៖ ក្នុង១វត្តទទួលបានទៀនព្រះវស្សាចំនួន១គូ អង្ករ៥០គីឡូក្រាម ទឹកបរិសុទ្ធវីតាល់១កេស ទឹកដោះគោ១កេស ត្រីខ១យួរ ស្កសរ១បេ មីម៉ាម៉ា១កស ទឹកក្រូច១កេស និងបច្ច័យ២៥ម៉ឺនរៀល។ ចំណែកយាយជី តាជីចំនួន២០០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា១០.០០០រៀលផងដែរ៕ ដោយ ៖ ស៊ាន ចន្ទ័ដា