ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សហការជាមួយមន្ទីរសុខាភិបាលខេត្តចុះអប់រំអំពីការបង្ការជំងឺគ្រុនឈាម

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ លោក សរ វណ្ណា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានដឹកនាំមន្រ្តីសាខាទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា សហការជាមួយមន្ទីរសុខាភិបាលខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មណ្ឌលសុខភាពសរុបចំនួន២៥នាក់បានចុះអប់រំអំពីការថែទាំអនាម័យបរិស្ថាននៅជុំវិញបរិវេណផ្ទះ ពិនិត្យដង្កូវទឹកក្រោយពេលដាក់ថ្នាំអាបែតរួច និងបាញ់ថ្នាំកម្ចាត់មូសខ្លា ដើម្បីការពារបង្ការជំងឺគ្រុនឈាមនៅសាលាបឋមសិក្សាចេក និងវិទ្យាល័យ ហ៊ុនសែន ចេក ចំនួនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមសរុប៧៧៣នាក់ ស្រី៣៨១នាក់ និងចុះតាមខ្នងផ្ទះនៅភូមិធ្មល់ និងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀងបានចំនួន៨៨ខ្នងផ្ទះ។

ក្នុងគោលបំណងដើម្បីការពារបង្ការជំងឺគ្រុនឈាម ដែលអាចឆ្លងតាមរយៈនៃមូសខ្លាខាំ ដើម្បីកុំឲ្យមានកើតមូសខ្លាបន្តទៀត ការកម្ចាត់ជម្រកមូសខ្លា យុទ្ធនាកានេះ ក៏បានធ្វើការបែងចែកជាក្រុមធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមានដូចជា ៖ ១-សូមចូលរួមកំចាត់ដង្កូវទឹកមូសខ្លា និងធានាថា មិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះសំបែង តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោល នូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ សំបកដប សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេនផ្ទះរបស់លោកអ្នក ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗ សម្រាប់ស្ដុកទឹក ឲ្យបានពីរដង ក្នុងមួយសប្ដាហ៍ ឬដាក់ថ្នាំអាបែត ត្រីប្រាំពីរពណ៌ ឬគ្របឲ្យបានត្រឹមត្រូវនូវពាង អាងទឹក ធុង ក្រឡ ថូផ្កា ចានទ្រជើងទូ ។ល។ ២៖ ត្រូវកំចាត់សត្វមូសខ្លា តាមរយៈរៀបចំសម្ភារៈក្នុងផ្ទះសំបែងឲ្យមានសណ្ដាប់ធ្នាប់ធ្វើយ៉ាងណាឲ្យមានពន្លឺ  ចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់កំប៉ូតព្រៃស៊ុបទ្រុបជុំវិញផ្ទះ និងចូលរួមសហការជាមួយភ្នាក់ងារសុខាភិបាល ក្នុងករណីមានការបាញ់ថ្នាំសម្លាប់មូស។ ៣៖ ត្រូវការពារខ្លួន កុំឲ្យមូសខ្លាញីខាំតាមរយៈ ការដេកក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ ។ ៤៖ ត្រូវរូសរាន់ស្វែងរក សេវាថែទាំសុខភាព ដែលនៅជិតអ្នកបំផុត ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់ របស់អ្នកមានសញ្ញា ឬសញ្ញណជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩ អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេងទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម ។ គ្រប់ករណីសង្ស័យជំងឺគ្រុនឈាម មិនត្រូវសាកល្បងព្យាបាលដោយខ្លួនឯង ឬការប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីនឬអ៊ីប៉ុយព្រូហ្វែន ជាដាច់ខាត និងមិនត្រូវស្វែងរក សេវាថែទាំសុខភាពណា ដែលមិនមានជំនាញវិជ្ជាជីវៈ ពិនិត្យព្យាបាលជំងឺគ្រុនឈាមឡើយ៕ ដោយ ៖ ភក្តី