សម្ដេច​ ហ៊ុន សែន ប្រាប់​ឲ្យ​មន្ត្រីពាក់ព័ន្ធចុះ​ដល់ទី​កន្លែង​​ និង​ចាត់វិធានការ​បន្ទាន់​លើ​ករណី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រាប់ដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរ ត្រូវចុះពិនិត្យដល់ទីតាំងដែលកំពុងកើតមានជំងឺប៉េស្តជ្រូកអាហ្វ្រិក ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា។ ការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ។

​លោក ផៃ ស៊ី​ផាន អ្នក​នាំពា​ក្ស​រាជ​រដ្ឋា​ភិបាល បានបញ្ជាក់​ឱ្យដឹង​នៅ​ក្នុ​ងផេ​ក​ហ្វេ​ស​បុក​យ៉ាង​ដូច្នេះ​ថា «​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​ណែនាំ​ដល់​បណ្ដា​ខេត្តដែលមាន​ការផ្ទុះ​ឡើង​នូវ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក សូម​ចុះ​ពិនិត្យ​តាមដាន​ដល់ទី​តាំង​ផ្ទាល់ ដើម្បី​ចាត់វិធានការ​បាន​ទាន់ពេលវេលា​»​។​

សូមបញ្ជាក់ថា មកដល់ពេលនេះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បានកើត​មាននៅ​ខេត្ត​ចំនួន​៥​ហើយ​របស់​កម្ពុជា រួមមាន​៖ រតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និង​កណ្តាល​។ ជ្រូក​ជាង​២​ពាន់​ក្បាល​ហើយ​ត្រូវបាន​សម្លាប់ និង​ងាប់​ដោយសារ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​៕