គម្រោង​សាងសង់​ពន្ធនាគារ​ទំនើប (VIP) សម្រាប់​ឃុំខ្លួន​អ្នក​ជាប់ឃុំ​មានលទ្ធភាព​បង់ប្រាក់​ត្រូវ​បោះបង់ចោល​

ភ្នំពេញ ៖ អាជ្ញាធរ​កម្ពុជា​បានសម្រេច​លុបចោល​គម្រោង​ពន្ធនាគារ​ទំនើប (VIP) វិញ​ហើយ ក្រោយ​ពេលដែល​ក្រសួងមហាផ្ទៃ​បានធ្វើការ​សិក្សា​រក​ពុំ​ឃើញ​មាន​ប្រទេស​ណាមួយ ធ្វើ​ពន្ធនាគារ​ទំនើប​បែបនេះ​សម្រាប់​ឃុំខ្លួន​អ្នក​ជាប់ឃុំ ដែលមាន​លទ្ធភាព​បង់ប្រាក់ ខណៈ​ពន្ធនាគារ​ដែល​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ឯកជន​នេះ បាន​សាងសង់​ជិត​រួចរាល់​។ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ដូច្នេះ​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​កាលពី​ថ្មីៗ​នេះ ។​

​ឧ​ត្ត​ម​សេនីយ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងថា ក្រសួងមហាផ្ទៃ​បានសម្រេច​បោះបង់​គម្រោង​សាងសង់​ពន្ធនាគារ វី​អាយ​ភី (VIP) ដោយ​តម្រូវ​ឲ្យ​អ្នកទោស​បង់ប្រាក់​តិច​បំផុត​ពេល​ជាប់ឃុំ​នេះ​ចោល បន្ទាប់ពី​បានធ្វើការ​សិក្សា​ពី​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​មិនមាន​ប្រទេស​ណា​ធ្វើ​ពន្ធនាគារ​បែបនេះ​ទេ រួម​នឹង​ការខ្វះ​លទ្ធភាព​ធ្វើ​ផងដែរ​។​

​ពាក់ព័ន្ធ​ការសាងសង់​ពន្ធនាគារ​ទំនើប ( VIP ) នេះ​លោក នុត សវ​នា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៃ​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​កាសែត​ក្នុងស្រុក​ថា  អគារ​ពន្ធនាគារ សម្រាប់​អ្នក​ដែលមាន​លទ្ធភាព​បង់ថ្លៃ​ស្នាក់នៅ​ត្រូវបាន​សាងសង់​រួចហើយ ប៉ុន្តែ​នៅ​សេសសល់​ប្រព័ន្ធ​មួយចំនួន​ដូចជា​លូ ទឹក និង​ភ្លើង​ជាដើម​។​

​យ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ បាន​បញ្ជាក់ថា គម្រោង​ខាងលើនេះ ត្រូវបាន​លុបចោល​វិញ​ហើយ ព្រោះតែ​ប្រទេស​ផ្សេងៗ​ទៀត​ពុំមាន​ពន្ធនាគារ​បែប​ទំនើប​នោះទេ ។ ចំណែក​កម្ពុជា​ក៏​ពុំទាន់​មានលទ្ធភាព​ធ្វើ​ដែរ ៕