អាជ្ញាធរខេត្តក្រចេះរៀបចំការចាប់ឆ្នោតបែងចែក ដីឡូតិ៍សម្បទានសង្គមកិច្ចលើកទី២ជូនប្រជាពលរដ្ឋ១៣៣គ្រួសារនៅស្រុកស្នួល

ខេត្តក្រចេះ ៖ អាជ្ញាធរខេត្តក្រចេះនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះបានរៀបចំពិធីចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ ជាដីសម្បទានសង្គមកិច្ចជាលើកទី២ជូនប្រជាពលរដ្ឋចំនួន១៣៣គ្រួសារដែលមិនទាន់បានចាប់ឆ្នោត ស្ថិតនៅឃុំ២ធ្នូរ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩កន្លងទៅ។  ពិធីធ្វើឡើងក្រោមវត្តមានលោក ខណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ និងជាប្រធានគណៈកម្មការបែងចែកដី សម្បទានសង្គមកិច្ច ស្រុកស្នួល ខេត្តក្រចេះ នៅបរិវេណការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្រុកស្នួល។

លោក ខណ្ឌ ចំណាន មានប្រសាសន៍ថា ការរៀបចំចាប់ឆ្នោតជូនបងប្អូនដែលមានឈ្មោះមកទទួលដីនៅថ្ងៃនេះ ដែលនេះជាលើកទី២ ហើយក៏ជាលើកចុងក្រោយដែរ ដើម្បីបញ្ចប់នូវការបែងចែកដីសម្បទានសង្គមកិច្ចនៅ ឃុំ២ធ្នូរ ស្រុកស្នួលខេត្តក្រចេះ។ លោកបញ្ជាក់ថា រដ្ឋាលបាលខេត្តក្រចេះបានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវមកទទួលការចាប់ឆ្នោតទាំង១៣៣គ្រួសារ មានរយៈពេលជិត១ខែហើយឲ្យមកចាប់ឆ្នោតនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ។

ជាមួយគ្នានោះលោកសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំង១៣៣គ្រួសារចូលរួមចាប់ឆ្នោតឲ្យបានគ្រប់គ្នា  ពីព្រោះមិនមានលើកក្រោយៗ ទៀតទេ។  ទន្ទឹមនោះលោកក៏ណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានដីសូមរក្សាបង្កាន់ដៃឲ្យបានល្អ និងត្រឹមត្រូវ ពីព្រោះបង្កាន់ដៃនេះឈានបន្តទៅធ្វើប័ណ្ណកម្មសិទ្ធិទៅថ្ងៃក្រោយ។

លោកបានគូសបញ្ជាក់បន្ថែមថា ៖ ចំពោះដីដែលបងប្អូនចាប់ឆ្នោតបានហើយ សូមបងប្អូនរួសរាន់ចូលកាន់កាប់រស់នៅបង្កបង្កើនផលតាមតម្រូវ។ តែផ្ទុយទៅវិញបងប្អូនមិនរស់នៅ មិនបង្កបង្កើនផល បែរជាបងប្អូនយកដីនេះទៅលក់បងប្អូននឹងប្រឈមមុខនឹងការដកហូតយកមកវិញពីអាជ្ញាធរ។

ក្នុងឱកាសនោះដែរ លោកក ខណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំង១៣៣គ្រួសារ រស់នៅ និងបង្កបង្កើនផលប្រកបដោយជោគជ័យ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារបានរីកចម្រើនទៅអនាគត៕ ដោយ ៖ ស៊ាន ចន្ទ័ដា