សម្តេច ហ៊ុន សែន បញ្ជាក់ថា Facebook ប្រឌិត​ព័ត៌មាន​អាក្រក់​ពី​ស្ថានភាព​សុខភាព នាយករដ្ឋមន្ត្រី ជា​សកម្មភាព​ឧក្រិដ្ឋ​

​ភ្នំពេញ ៖ លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ដោយ​បញ្ជាក់ថា « នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​មិញ​សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា ប្រសិនបើ​គណនី​ហ្វេ​ស​ប៊ុ​ក​ណាមួយ​ប្រឌិត បំភ្លៃ​ព័ត៌មាន (Fake News) ដែល​ធ្វើឱ្យ​មានការ​ជ្រួលច្របល់​មតិសាធារណៈ​ជាហេតុ ផល​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ដោយ​ប្រឌិត​ស្ថានភាព​អាក្រក់​ពី​សុខភាព​របស់ នាយករដ្ឋមន្ត្រី នៅក្នុង​តំណែង គឺជា​បទល្មើស​ព្រហ្មទណ្ឌ ហើយ​រាជរដ្ឋាភិបាល និង​ចាត់វិធានការ​យ៉ាង​ម៉ឹងម៉ាត់​ចំពោះ​សកម្មភាព​ឧក្រិដ្ឋ​នេះ​»​។​

​សូមជម្រាបថា កាលពីពេល​ថ្មីៗ នេះ​មាន​ជន​ទុច្ចរិត​មួយចំនួន​នៅលើ​បណ្តាញ​សង្គម Facebook តែងតែ​បង្ហោះ​ព័ត៌មាន​ប្រឌិត និង​ប្រមាថ​មកលើ​អាយុជីវិត​របស់​សម្តេច​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ ជាក់ស្តែង គ្រាន់តែ​សម្តេច ហ៊ុន សែន អញ្ជើញ​ចេញទៅ​ពិនិត្យ​សុខភាព​នៅ ប្រទេស​សិង្ហ​បុរី ក៏ មាន​ក្រុម​ជន​ទុច្ចរិត​លើ​បណ្តាញ​សង្គម​បង្ហោះ​ព័ត៌មាន​បំភ្លៃ​ការពិត​ជាច្រើន ពាក់ព័ន្ធ​សុខភាព​របស់​សម្តេច ៕