មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ ជំរុញការអនុវត្ត​នីតិវិធី​សុំអាជ្ញាប័ណ្ណទេសចរណ៍​ដើម្បី​ពង្រឹង​គុណភាពសេវាកម្មសាធារណៈ​

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ មន្ទីរទេសចរណ៍ខេត្តក្រចេះ បានបើកសិក្ខាសាលាស្តីពី “នីតិវិធីស្នើសុំអាជ្ញា ប័ណ្ណទេសចរណ៍ ដល់មន្ត្រីជួរមុខ និងជួរក្រោយដែលប្រចាំការនៅអង្គភាព ការិយាល័យ និងយន្តការច្រកចេញចូលតែមួយថ្នាក់ខេត្ត ក្រុង ស្រុក” ក្រោមវត្តមានលោក ស្រេង​ សុភាព​ អភិបាលរង​នៃគណៈអភិបាលខេត្តក្រចេះ នៅសាលប្រជុំសណ្ឋាគារ ហ៊ បុន្នី ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់ ប្រធានមន្ទីរទេសចរណ៍ មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីជួរមុខអង្គភាព ការិយាល័យ និងយន្តការ ច្រកចេញចូលតែមួយថ្នាក់ខេត្ត ក្រុង ស្រុក យុវជន ស.ស.យ.ក យុវជនស្រលាញ់សន្តិភាព និងប្រតិបត្តិករទេសចរណ៍សរុបប្រមាណ ៦០នាក់។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការជាពិសេសមន្ត្រីនៅអង្គភាព ការិយាល័យ និងយន្តការច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុក សំដៅអាចផ្តល់សេវាអាជ្ញាបណ្ណទេសចរណ៍បានល្អ រហ័ស និងត្រឹមត្រូវទៅតាមបទដ្ឋានគតិយុត្ត និងការណែនាំនានារបស់ក្រសួងមហាផ្ទៃ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តក្រចេះ និងដើម្បីធានាប្រសិទ្ធភាពអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តក្រចេះ ជាពិសេសលើការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងដើម្បីគៀងគរប្រភពចំណូលចូលជាតិតាមរយៈចំណូលអាជ្ញាបណ្ណទេសចរណ៍ជាកម្រិតអតិបរមា។ ចំណូលទាំងនេះហើយដែលបានគាំទ្រដល់លំនឹងសេដ្ឋកិច្ចជាតិ ហើយដែលរាជរដ្ឋាភិបាលអាចយកមកបន្តអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងស្របតាមចក្ខុវិស័យនៃការអភិវឌ្ឍរបស់ប្រមុខដឹកនាំរួមមាន៖ មនុស្ស ផ្លូវ ទឹក និងភ្លើង។

ក្នុងឱកាសនោះដែរ លោកអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ ក៏បានផ្តាំផ្ញើទៅសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់លើកិច្ចការផ្តល់អាជ្ញាបណ្ណទេសចរណ៍នេះអោយកាន់តែល្អបន្ថែមទៀត និងសូមឲ្យម្ចាស់អាជីវកម្មទាំងអស់ត្រូវមកសុំអាជ្ញាបណ្ណថ្មី រឺបន្តអាជ្ញាបណ្ណនៅការិយាល័យច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុក ឲ្យបានទាន់ពេលវេលា និងត្រូវសហការជាមួយមន្ទីរជំនាញដើម្បីពង្រឹងគុណភាពសេវាកម្ម អនាម័យ បរិស្ថាន និងសុខសុវត្ថិភាពទេសចរឲ្យបានល្អប្រសើរ ដើម្បីទាក់ទាញទេសចរមកទស្សនាក្នុងខេត្តក្រចេះឲ្យបានច្រើនកុះករ និងលើកមុខមាត់ខេត្តបន្ថែមទៀត៕ ដោយ ៖ ស៊ាន ច័ន្ទដា