EU ជ្រើសតាំង​លោកស្រី Carmen Moreno ជាឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​កម្ពុជា​

​ភ្នំពេញ ៖ សហភាព​អឺរ៉ុប ( EU ) បាន​ជ្រើសតាំង​លោកស្រី Carmen Moreno ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា​ជំនួស​លោក George Edgar ដែល​នឹង​ចាក​ចេញពី​កម្ពុជា​នៅ​ចុងខែ​សីហា​ខាងមុខនេះ​។ ការជ្រើសតាំង​ឯកអគ្គរដ្ឋទូត EU ថ្មី​នេះ ស្រប​ពេលដែល EU កំពុង​ពិចារណា​រឿង EBA ថា តើ​ត្រូវ​រក្សាទុក​ឬ​ត្រូវ​ដក។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប។​

​លោកស្រី Carmen Moreno បច្ចុប្បន្ន​ជា​មន្ត្រីជាន់ខ្ពស់​វេទិកា​ជំនួប​អាស៊ី​-​អឺរ៉ុប (ASEM)​។ កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប គឺជា​វេទិកា​អន្តររដ្ឋាភិបាល​សម្រាប់​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​អាស៊ី និង​អឺរ៉ុប ដែល​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៦​។ ក្រៅពីនេះ លោកស្រី ក៏​ជា​តំណាង​ទទួលបន្ទុក​អា​ហ្វ​ហ្គា​នី​ស្ថាន​-​ប៉ា​គី​ស្ថាន នៅក្នុង​ក្រសួងការបរទេស​អេ​ស្ប៉ា​ញ​ថែមទៀត៕