រថយន្តឡង់គ្រីស័រ កែច្នៃចំនួន២គ្រឿងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរីដុតកម្ទេចចោល

ខេត្តរតនគិរី ៖ នៅវេលាម៉ោង៦ និង០០នាទី ព្រលប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងចម្រុះស្រុកអូរយ៉ាដាវ ក្រោមការសម្របសម្រួល ដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានដុតកម្ទេចចោលរថយន្តឡង់គ្រីស័រ កែច្នៃចំនួន ២គ្រឿង។ ១គ្រឿងពណ៌ស និង ១គ្រឿងទៀតពណ៌ខ្មៅ។
តាមឲ្យដឹងពីលោកឧត្ដមសេនីត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តថា យោងតាមសេខក្ដីប្រកាសព័ត៌មានថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ របស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ បង្កានិងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រមទាំងបទបញ្ជារបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅសុខា អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ទប់ស្កាត់ បង្កាបទល្មើសធនធានធម្មជាតិ។ ព្រមទាំងមានការបញ្ជាផ្ទាល់តាមទូរស័ព្ទ របស់ឯកឧត្ដម ថង សាវុន អភិបាលខេត្តរតនគិរីនោះ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខេត្ត សហការជាមួយកម្លាំងចម្រុះបញ្ជាការឯកភាពស្រុកអូរយ៉ាដាវ បានដុតកម្ទេចរថយន្តឡង់គ្រីស័រកែច្នៃ ដែលលួចដឹកឈើល្មើសច្បាប់ ២គ្រឿង បន្ទាប់ពីកម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវ បានល្បាតស្ទាក់ចាប់បាន រថយន្ត ទាំង២គ្រឿង នៅចំណុច ២ផ្សេងគ្នា។ ១គ្រឿងចាប់បាននៅផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិប៉ក់តូច ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ ឡង់គ្រីស័រពណ៌ស និង១គ្រឿងទៀត ចាប់បានលើផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ។
លោក ខៀវ ចន្ទី នាយសង្កាត់រដ្ឋបាលព្រៃឈើអូរយ៉ាដាវ បានឲ្យដឹងថា រថយន្តឡង់គ្រីស័រកែច្នៃ ពណ៌ខ្មៅមានដឹកឈើប្រភេទសុក្រំ ចំនួន ២៦ដុំ ចំណែករថយន្តឡង់គ្រីស័រកែច្នៃពណ៌ស ដឹកឈើប្រភេទពពូលភ្នំ ចំនួន ៩ដុំ។
បន្ទាប់ពីសមត្ថកិច្ចចម្រុះបានរឹបអូសរថយន្តល្មើស ព្រមទាំងភស្ដុតាងឈើមកប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើសង្កាត់អូរយ៉ាដាវរក្សាទុកឈើ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់រដ្ឋាលព្រៃឈើរួចមក កម្លាំងចម្រុះ បញ្ជាការឯកភាពស្រុក និងកម្លាំងចម្រុះបញ្ជាការឯកភាពខេត្ត បានយករថយន្តល្មើសច្បាប់ទាំង ២គ្រឿង ទៅដុតកម្ទេចចោល នៅភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នាល្ងាចថ្ងៃដដែលនេះដែរ៕ ដោយ ៖ ភួង ផុន