អុញនោះរឿងធំបាត់បែកធ្លាយលោក ឈួន សោភា មេគយចល័តតំបន់ប្រាំចាប់ម៉ូតូពលរដ្ឋដែលបង់ពន្ធរួចទុក ឯម៉ូតូគេចពន្ធឈ្មួញនាំចូលតាមអំពើចិត្តអត់បង្ក្រាប

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋបានលើកឡើងថា សកម្មភាពនាំចូលម៉ូតូស៊េរីទំនើបៗ មានទាំងម៉ូតូបង់ពន្ធ និងមិនបង់ពន្ធ ដែលឈ្មួញបាននាំចូលពីប្រទេសថៃតាមច្រកបឹងត្រកួន ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យកើតមានឡើងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ប៉ុន្តែរឿងដែលកាន់តែចម្លែកនោះ បើសិនជាម៉ូតូប្រជាពលរដ្ឋទិញយកមកប្រើប្រាស់មានទាំងបង្កាន់ដៃបង់ពន្ធនាំចូល ដែលចេញដោយការិយាល័យគយ និងរដ្ឋាករច្រកបឹងត្រកួនយ៉ាងណាក៏ដោយ មន្ត្រីគយចល័តក្រសួងគ្រប់គ្រងដឹកនាំពីសំណាក់លោក ឈួន សោភា ជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់គេចពន្ធតំបន់ប្រាំនៅតែមិនទទួលស្គាល់ដដែលក្រោមរូបភាពចោទប្រកាន់ថា ខុសចម្ងាយផ្លូវ រីឯម៉ូតូគេចពន្ធបែរជាបណ្តោយឲ្យឈ្មួញនាំចូលតាមតែអំពើចិត្តមិនបង្ក្រាបទៅវិញ។ នេះបើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ។

ពាក់ព័ន្ធករណីខាងលើនេះ ប្រជាពលរដ្ឋបានដាក់ជាសំនួរដែលទំនងចង់សួរទៅលោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជាដោយឆ្ងល់ថា ម៉ូតូមានពន្ធត្រឹមត្រូវថែមទាំងមានចេញបង្កាន់ដៃដោយគយបឹងត្រកួន តែដល់ជិះលើដងផ្លូវមកបន្ទាយមានជ័យត្រូវគយក្រសួងដែលមានស្នាក់ការនៅចំណុចស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យចាប់ទុក។ ចំណែកម៉ូតូអត់ពន្ធបែរជាមិនឃើញចាប់? ជាមួយគ្នានេះក៏មានការអំពាវនាវពីសំណាក់ប្រជាពលរដ្ឋ និងឈ្មួញរកស៊ីស្របច្បាប់មួយចំនួនស្នើដល់លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មេត្តាជួយពិនិត្យលោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់គេចពន្ធតំបន់ប្រាំ ដែលកំពុងបង្កព្យុះភ្លៀងតាមអំពើចិត្ត គាបសង្កត់ដល់ប្រជាពលរដ្ឋ និងក្រុមឈ្មួញរកស៊ី តូច-ធំ ទាំងឈ្មួញរកស៊ីត្រឹមត្រូវតាមច្បាប់ និងខុសច្បាប់ឲ្យបង់លុយលើតុ ក្រោមតុតាមរបៀបពុករលួយ។

សូមរម្លឹកផងដែរថា កន្លងមកលោក ឈួន សោភា ក្នុងតួនាទីជាប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់គេចពន្ធតំបន់ប្រាំ ប្រចាំខេត្តបន្ទាយមានជ័យធ្លាប់បានប្រើអំណាចគាបសង្កត់ដល់ក្រុមឈ្មួញតូចធំ និងអាជីវកររកស៊ីដឹកទំនិញឆ្លងកាត់លេខ៥ តាមអំពើចិត្តមិនញញើតពីចំណាត់ការបស់អង្គភាពប្រឆាំងអំពើពុករលួយឡើយ ធ្វើក្រុមឈ្មួញរកស៊ី ហើយនិងអាជីវករទាំងនោះនាំគ្នាប្រតិកម្មខ្លាំងៗឈានដល់ការតវ៉ាបិទផ្លូវទៀតផង រហូតមានការចេញលិខិតអញ្ជើញពីលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកគយ និងរដ្ឋាករកម្ពុជាឲ្យចូលខ្លួនបំភ្លឺកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ តាមលិខិតលេខ១២០៦ / ១៩ អ គ រ ថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩។ ប៉ុន្តែរហូតមកដល់ពេលនេះលោក ឈួន សោភា ដែលល្បីក្នុងរឿងពុករលួយខ្លាំង ថែមទាំងធ្លាប់ត្រូវបានលោកបណ្ឌិត គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា ធ្លាប់ហៅមកបំភ្លឺម្តងរួចទៅហើយនោះ នៅតែមានឱកាសអាចធ្វើការគ្រប់គ្រងតំណែងខ្លាញ់ជាប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់គេចពន្ធនេះបានដដែល មិនដឹងថា តើលោក ឈួន សោភា មានខ្នងបង្អែករឹងមាំធំប៉ុនណាទេ ទើបសូម្បីតែលោកអគ្គនាយក គុណ ញឹម ក៏មិនហ៊ានដកតំណែងរបស់លោក ឈួន សោភា ផង។

ពាក់ព័ន្ធនឹងការរិះគន់រឿងចាប់ម៉ូតូប្រជាពលរដ្ឋខាងលើនេះដែរ លោក ឈួន សោភា បានប្រាប់ ភ្នំពេញដេលី phnom penh daily តាមប្រព័ន្ធតេឡេក្រាម (Telegrame) នៅល្ងាចថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៩ថា រឿងនេះមិនអីជាធ្ងន់ធ្ងរទេគ្រាន់តែខុសបច្ចេកទេសតិចតូច និងរង់ចាំឆ្លងយោបល់ពីថ្នាក់លើសិន។

ដោយឡែកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា លោកបណ្ឌិត គុណ ញឹម ក៏មិនអាចស្វែងរកសុំការពន្យល់ពីបញ្ហាផ្លូវច្បាប់បានដែរតាមប្រព័ន្ធតេឡេក្រាមTelegrame ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះ ព្រោះគ្មានការឆ្លើយតប (នេះបើគិតត្រឹមម៉ោងផ្សាយ)៕ ដោយ ៖ មុន្នីឧត្តម

5_6145273717179023496