ប្រជាពលរដ្ឋនៅភូមិដាក់ដាំត្រូវឧកញ៉ា ធាង ទ្រី រំលោភយកដី ហើយថែមទាំងបាញ់គំរាមពួកគាត់ទៀត 

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ៦គ្រួសារនៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរីត្រូវបានលោកឧកញ៉ា ធាង ទ្រី រំលោភយកដី និងកើកមាននូវអំពើហិង្សាដោយកូនចៅរបស់លោកបានដកយកកាំភ្លើងមកបាញ់គំរាម ហើយថែមទាំងតាមរករឿង និងវាយពួកគាត់ដល់ផ្ទះទៀតផង។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង១៤ និង០០នាទី លោកឧកញ៉ា ធាង ទ្រី បានបញ្ជាឲ្យកូនចៅជាច្រើននាក់ចុះទៅដកបង្គោលរបងដីស្រែចំការរបស់ប្រជាពលរដ្ឋនៅភូមិ ពូឆប ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ខណៈពេលដែលកូនចៅរបស់លោកកំពុងតែធ្វើសកម្មភាព មានប្រជាពលរដ្ឋបានចុះទៅឃាត់ស្រាប់មានអំពើហិង្សាកើតមានឡើងដោយកូនចៅរបស់លោកបានដកយកកាំភ្លើងមកបាញ់គម្រាមហើយថែមទាំងតាមរករឿង និងវាយពួកគាត់ដល់ផ្ទះទៀតផង។

ករណីខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិទាំងមូល ក៏ដូចជាអជ្ញាធរមូលដ្ឋានយ៉ាងខ្លាំងពន់ពេក។ ភ្លាមនោះកម្លាំងស្នងការនគរបាលខេត្តមណ្ឌលគិរីដែលដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវដើម្បីរកវត្ថុតាង។ បន្ទាប់ពីត្រួតពិនិត្យរួចមកកម្លាំងសមត្ថកិច្ចជំនាញបានរកឃើញសំបកកន្ទុះចំនួន៧២គ្រាប់ដែលជាគ្រាប់របស់កាំភ្លើងម៉ាកឡុក (LOCK)។

ប្រជាពលរដ្ឋដែលបានរងគ្រោះចំនួន៦គ្រួសារស្ថិតនៅទីតាំងកើតហេតុខាងលើបានធ្វើការសំណូមពរដល់លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមេត្តាជួយដោះស្រាយ និងរកយុត្តិធម៌ដល់ពួកគាត់ផង ត្បិតអីពួកគាត់កំពុងតែបាត់បង់ដីស្រែចំការដែលជាកន្លែងបង្កើតផលដំណាំដើម្បីចញ្ចឹមជីវិតរាល់ថ្ងៃ ហើយថែមទាំងស្ថិតនៅក្នុងភាពភ័យខ្លាចដែលបង្កដោយក្រុមឧកញ៉ា ធាង ទ្រី ទៀត៕ ដោយ ៖ ជឹម ទូច