ព្រឹទ្ធសភាប្រកាសទទួលស្គាល់សមាជិកថ្មីចំនួន០៣រូប និងបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន០១រូប

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នេះ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសម័យប្រជុំជាវិសាមញ្ញដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភាសរុប៥៦រូបដើម្បីប្រកាសទទួលសមាជិកព្រឹទ្ធសភាថ្មីចំនួន៣រូប ជំនួសសមាជិកដែលទទួលមរណភាព និងសុំលាលែងពីសមាជិកព្រឹទ្ធសភា និងនិងបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន០១រូប។

សមាជិកព្រឹទ្ធសភាថ្មី សម្រាប់នីតិកាល ទី៤ ចំនួន០៣រូបនោះរួមមានដូចជា ៖ ១៖ ព្រះអង្គម្ចាស់ នរោត្តម ស្រីយសោភ័ណ្ឌ ជាសមាជិកព្រឹទ្ធសភា ចាត់តាំងដោយព្រះមហាក្សត្រ ជំនួសសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ដែលបានសុំលាឈប់ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩។ ២៖ លោកញ៉ូវ សុង ជាសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ) ជំនួសលោក ឡាយ អ៊ីពិសិទ្ធ ដែលបានទទួលមរណភាព។ ៣៖ លោក ឡោ ឆន ជាសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៤ (ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន) ជំនួសលោកស្រី ស៊ឹង ស៊ីយុត ដែលបានទទួលមរណភាព។

ដោយឡែកលោក អ៊ុ សារិទ្ធ ត្រូវបានជាប់ជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ដោយមានសម្លេងគាំទ្រ៥០សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ហើយលោកអគ្គលេខាធិការព្រឹទ្ធសភាត្រូវចាត់ចែងការអនុវត្តបន្តដើម្បីជំរាបជូនរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជ្រាប និងបន្តនីតិវិធីព្រមទាំងផ្សព្វផ្សាយអំពីលទ្ធផលនេះជូនសាធារណជនជ្រាប។

សូមជម្រាបថាសមាជិកព្រឹទ្ធសភាថ្មី ដែលមានចែងក្នុងប្រការ១ ត្រូវធ្វើសច្ចាប្រណិធានមុនពេលចូលកាន់តំណែង៕