ក្រសួង​បញ្ជាក់ថា ទំនប់​ប្រទាក់ក្រឡា​ដែល​បាក់​នោះ​ត្រូវបាន​បិទ​ភ្ជិត​វិញ​ហើយ​

ខេត្ត​កំពត ៖ យោងតាម​ផេ​ក​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១២ សីហា​នេះ វិវឌ្ឍន​ភាព​គិតដល់​ម៉ោង ៨ និង​៣០​នាទី ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ លើ​ការងារ​អន្តរាគមន៍​ទប់ទល់​ការហូរ​ដាច់​នៃ​ទំនប់​អាងទឹក​កូន​សត្វ ឬ​ប្រទាក់ក្រឡា ស្ថិតក្នុង​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត​។​

​ទំនប់​ត្រូវបាន​បិទ​ភ្ជិត​ទាំងស្រុង នៅវេលា​ម៉ោង ៨ និង​២០​នាទី​ព្រឹក​នេះ ដោយ​ប្រើ​រយ​:​ពេល​អស់​ប្រមាណ ២០​ម៉ោង​។ នៅសល់​ការងារ​បន្ត គឺ​ពង្រឹង​កន្លែង​ដាច់​ឲ្យ​បាន​រឹងមាំ​បន្ថែម​តែប៉ុណ្ណោះ​។​
​ក្នុង​ការងារ​នេះ​ក្រសួង​បាន​ប្រើប្រាស់​នូវ​ ៖ ​គ្រឿងចក្រ​ធុន​ធ្ងន់​ចំនួន១៤​គ្រឿង រួមមាន អ៊ិ​ច​ស្កា​វា​ទ័​រ​ដៃ​វែង​ដៃខ្លី ចំនួន ០៦​គ្រឿង​, រថយន្ត​បែន​ចំនួន ០៦​គ្រឿង​, ប៊ុល​ដូ​ហ្ស័​រ​ចំនួន ០១​គ្រឿង និង​សា​ហ្ស័​រ​ចំនួន ០១​គ្រឿង​។​ សម្ភារៈ​ជំនួយ​មាន កញ្ច្រែង​ថ្ម​ចំនួន ១០០​ដុំ​, ថ្ម​។ ដី​ប្រមាណ ៥០០​ម៉ែត្រគូប​។​

​កម្លាំង​សរុប​ដែល​ដឹកនាំ​ផ្ទាល់​ដោយ រដ្ឋមន្ត្រី​, រដ្ឋលេខាធិការ​ប្រចាំការ ដែលជា​ប្រធាន​មុខព្រួញ​ប្រចាំ​ទិស​, អគ្គនាយក​, ប្រធាន​នាយកដ្ឋាន​, ប្រធាន​មន្ទីរ​កំពត​-​កែប​, មន្ត្រីរាជការ​, អ្នកបើកបរ​គ្រឿងចក្រ និង​កម្មករ សរុប​ចំនួន ១០០​នាក់​ផងដែរ​៕