ក្រុមហ៊ុនចិនចាក់ដីលុបអូរ បិទលូផ្លូវទឹកលិចស្រូវប្រជាពលរដ្ឋជាង៣០០ហិកតានៅស្រុកស្វាយទាប

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ៤ភូមិក្នុងឃុំចំនួន២ គឺឃុំប្រសូត្រ ស្រុកស្វាយទាប និងឃុំញរស្រុកកំពង់រោទ៌ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ សូមអំពាវនាវដល់អាជ្ញាធរស្រុក ខេត្តមេត្តាជួយអន្តរាគមន៍ដោះស្រាយរឿងក្រុមហ៊ុនចិនចាក់ដីលុបអូរបុរាណ និងបិទផ្លូវទឹកបិទលូធ្វើឲ្យទឹកជន់លិចស្រូវរបស់ប្រជាពលរដ្ឋជាង៣០០ហិកតានៅក្នុងភូមិចំនួន៤ គឺភូមិអង្គតាមោគ ភូមិព្រៃទួល ភូមិទួលតាយឹង ឃុំប្រសូត្រ ស្រុកស្វាយទាប និងភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកកំពង់រោទ៌។

បើតាមលោកតា មាឃ សេងហាន អាយុ៨១ឆ្នាំតំណាងឲ្យប្រជាពលរដ្ឋក្នុងភូមិអង្គតាមោគឃុំប្រសូត្រស្រុកស្វាយទាបបានប្រាប់ឲ្យដឹងថា មានក្រុមហ៊ុនចិនបានទិញដីពីប្រជាពលរដ្ឋ ហើយមួយរយៈប្រហែលជិតខែនេះក្រុមហ៊ុនចិនបានដឹកដីយកមកចាក់លុបអូរបិទលូដែលជាផ្លូវទឹកធ្វើឲ្យទឹកជន់លិចលំនៅឋាន និងលិចស្រូវប្រជាពលរដ្ឋភូមិអង្គតាមោគអស់៨៧ហិកតា លិចស្រូវប្រជាពលរដ្ឋភូមិព្រៃទួលនិងភូមិទួលតាយឹងអស់១០០ហិកតា។ ចំណែកលោកតា នួន សុផល អាយុ៧០ឆ្នាំ នៅភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកកំពង់រោទ៌បានឲ្យដឹងថា នៅភូមិត្រពាំងឆ្លូញលិចអស់ជិត២០០ហិកតា។

ប្រជាពលរដ្ឋសូមអំពាវនាវសុំឲ្យអាជ្ញាធរខេត្តមេត្តាជួយអន្តរាគមន៍ដោះស្រាយឲ្យក្រុមហ៊ុនចិនកាយបង្ហូរផ្លូវទឹកឡើងវិញដើម្បីពួកគាត់បាន ព្រោះស្រូវឡើងវិញឲ្យទាន់រដូវ។ បើគ្មានការដោះស្រាយទេប្រជាពលរដ្ឋទាំង៤ភូមិប៉ះពាល់ដល់ជីវភាពយ៉ាងធ្ងន់ធ្ងរ។

ប្រភពដដែលបន្តទៀតថា អូរបុរាណនេះចាស់បុរាណហៅថា អូរដំរីឆ្លងដែលនាំទឹកក្នុងរដូវវស្សា ទៅអូរក្រញូងឆ្ពោះទៅព្រែកបាយ៉ាបទន្លេវ៉ៃគោ ហើយបើចាក់លុបអូរដំរីឆ្លងនេះគឺប៉ះពាល់ប្រជាពលរដ្ឋ៤ភូមិ។

ទាក់ទិនករណីខាងលើនេះដែរ លោក អ៊ុក ប៉ាក មេឃុំប្រសូត្របានមានប្រសាសន៍ថា លោកបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋរយៈពេល១៥ថ្ងៃមកហើយ គឺថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ លោកក៏បានទៅសុំឲ្យក្រុមហ៊ុនចិន និងពួកគោកជេដីផ្អាកការចាក់ដីនោះសិន ក៏ប៉ុន្តែតំណាងក្រុមហ៊ុនចិនមិនព្រមផ្អាកលោក (មេឃុំ) ក៏បានរាយការណ៍ជូនលោកអភិបាលស្រុកស្វាយទាបដោះស្រាយ ក៏ប៉ុន្តែក្រុមចិនមិនស្តាប់បានឲ្យលោកអភិបាលស្រុកទៅជួបលោកអភិបាលខេត្តទៅពីព្រោះក្រុមហ៊ុនគេចាក់ដីលើដីរបស់គេទិញប៉ះពាល់យ៉ាងណាក្រុមហ៊ុនមិនដឹងទេ។

ដោយឡែកលោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងបានមានប្រសាសន៍ថា លោកនៅរាជធានីភ្នំពេញដូច្នេះសូមឲ្យប្រជាពលរដ្ឋឡើងទៅដាក់ពាក្យបណ្តឹងនៅសាលាខេត្តទៅសុំឲ្យលោកអភិបាលខេត្តចាត់កម្លាំងមកដោះស្រាយ៕ ដោយ ៖ ភក្តី