គ្រោះទឹកជំនន់​នៅ​ប្រទេសឥណ្ឌា ឆក់យក​អាយុជីវិត​មនុស្ស​ជាង១៤០នាក់​

ឥណ្ឌា ៖ មន្ត្រី​ក្នុង​តំបន់​បានឱ្យដឹងថា​ជំនន់​ទឹកភ្លៀង​បានសម្លាប់​មនុស្ស​ជាង១៤០​នាក់ ​និង​លំនៅដ្ឋាន​រាប់ពាន់​ខ្នង​រង​ផល​ប៉ះ​នៅ​ទូទាំងប្រទេស​ឥណ្ឌា​គិត​ត្រឹម​ថ្ងៃអាទិត្យ​។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​ចិន CGTN​។​

​ភ្លៀង​បាន​ធ្លាក់ ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ដែល​នាំ​មនុស្ស​យ៉ាងតិច ៦០ នាក់​បាន​ស្លាប់​នៅ​រដ្ឋ Kerala និង​រដ្ឋ Karnataka មាន​មនុស្ស ៣១ នាក់​បាន​បាត់​បង់ជីវិត​។​ មាន​សេចក្តីរាយការណ៍​ថា​នៅ​ភាគ​ខាងលិច​រដ្ឋ Maharashtra និង​រដ្ឋ Gujarat ទឹកជំនន់​បណ្តាលឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច៣០នាក់ ​និង១៩​ទៀត​បាត់​ខ្លួន​។​

​រដ្ឋាភិបាល​ឥណ្ឌា​បាន​ព្រមាន​ថា​ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​ថែមទៀត​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹងរង​ផល​ប៉ះ​កាន់តែ​អាក្រក់​ទៅ ៗ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

​ផ្លូវ​សំខាន់ៗ​មួយចំនួន​ត្រូវបាន​បិទ​ដោយសារ​ទឹកជំនន់​នៅក្នុង​រដ្ឋ​ផ្សេងៗ​គ្នា​ហើយ​អាកាសយានដ្ឋាន​សំខាន់​មួយ​របស់​រដ្ឋ Kerala ត្រូវបាន​បើក​ដំណើរការ​ឡើងវិញ​កាលពី​ថ្ងៃអាទិត្យ​បន្ទាប់ពី​ការបិទទ្វារ​មួយរយៈ​។​

​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​រដ្ឋ​ឥណ្ឌា​បាន​ប្រាប់ AFP ថា​ជំរុំ​ផ្តល់ជំនួយ​សង្គ្រោះ​ជាង ៦០០ កន្លែង​នៅក្នុង​រដ្ឋ Karnataka ពេលនេះ​មាន​មនុស្ស ១៦១.០០០ នាក់​ហើយ​៕