ក្រុមហ៊ុន Ynnan ចិន ចង់វិនិយោគលើប្រពន្ធ័លូទឹកភ្លៀង និងលូទឹកកខ្វក់នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអនុញ្ជាតឲ្យ ប្រធានក្រុមហ៊ុន Yunnan ចិន ចូលជួបពិភាក្សាជាមួយ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ក្នុងគោលបំណងវិនិយោគ លើប្រពន័្ធលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ។
លោក Lu Guo Bing អគ្គនាយកក្រុមហ៊ុន Yunnan ចិន មានប្រសាសន៍ថា ក្រុមហ៊ុនមានគោលបំណងវិនិយោគលើប្រពន្ធ័លូទឹកភ្លៀង និងលូទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ស្របពេលដែលខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន ទាមទារនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ពិសេសប្រពន្ធ័លូទឹកភ្លៀង និងលូទឹកកខ្វក់ ដើម្បីលើកកម្ពស់សោភណ័ភាព បរិស្ថានទីក្រុងពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។

លោកបន្តថា ក្រុមហ៊ុនលោកបានមកសិក្សាខ្លះៗនូវប្រពន្ធ័លូទាំងពីរប្រភេទនេះ នៅក្រុងព្រះសីហនុ តាំងពីឆ្នាំ២០១៣ ក៏ប៉ុន្តែមិនទាន់បានលម្អិត និងស៊ីជម្រៅ ប្រសិនជារដ្ឋបាលខេត្តអនុញ្ញាត ក្រុមហ៊ុន លោកនឹងសិក្សាប្លង់លម្អិត ដើម្បីដាក់ជូនរដ្ឋបាលខេត្តធ្វើការពិនិត្យ។
ជាការឆ្លើយតប លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍គម្រោងវិនិយោគប្រពន្ធ័លូទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ក៏ប៉ុន្តែក្រុមហ៊ុនត្រូវមានផែនការ គម្រោងប្លង់គោល ថាតើ មានប្រពន្ធ័លូទឹកភ្លៀងប៉ុន្មានគីឡូម៉ែត្រ លូទឹកកខ្វក់ប៉ុន្មានគីឡូម៉ែត្រ ទំហំលូ មុខកាត់ប៉ុន្មានម៉ែត្រ ស្ថានីយចម្រោះប៉ុន្មានកន្លែង បំពាក់ម៉ាស៊ីនក្នុងអាងចម្រោះ ហើយការសាងសង់រយះពេលប៉ុន្មានខែឆ្នាំ និងតម្លៃ ដើម្បីរដ្ឋបាលខេត្តយកដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យវាយតម្លៃអនុម័ត។
ជាមួយគ្នានោះលោកអភិបាលខេត្តក៏ស្នើឱ្យក្រុមហ៊ុនសិក្សាឱ្យបានចប់មុនថ្ងៃ២៧ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីយកទៅដាក់ជូនក្រសួងសេដ្ឋកិច្ច សិក្សាវាយតម្លៃថា តើគម្រោងនេះអាចទទួលយកបាន ឬមិនបានតាមលក្ខណជាក់ស្តែង ដើម្បីកែលម្អសោភ័ណភាពបរិស្ថានក្រុងទេសចរណ៍នាទិសនិរតី៕ ដោយ ៖ តឹង សុភាព