

កងទ័ពឥណ្ឌាដាក់ការរឹតបន្តឹងលើវិហារឥស្លាមទូទាំងតំបន់កាស្មៀសម្រាប់ពិធីបុណ្យ Eid al-Adha

ឥណ្ឌា ៖ កងទ័ពឥណ្ឌាបានដាក់ការរឹតបន្តឹងលើវិហារឥស្លាមនានានៅទូទាំងតំបន់កាស្មៀរសម្រាប់ពិធីបុណ្យ Eid al-Adha នៅថ្ងៃចន្ទដោយខ្លាចការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលជុំវិញការដកស្វ័យភាពនៃតំបន់ដែលមានជនមូស្លីមភាគច្រើនមួយនេះ។
សាក្សីបាននិយាយថា វិហារឥស្លាមធំជាងគេបំផុតរបស់តំបន់ហិម៉ាល័យមួយនេះដែលមានឈ្មោះ Jama Masjid ត្រូវបានបញ្ជាឲ្យបិទហើយមនុស្សត្រូវបានអនុញ្ញាតឲ្យទៅអធិស្ឋានតែនៅតាមវិហារតូចៗក្នុងស្រុកប៉ុណ្ណោះដើម្បីកុំឲ្យមានមនុស្សច្រើនកកកុញប្រមូលផ្តុំគ្នា។
តំបន់កាស្មៀរបានស្ថិតនៅក្នុងការឡោមព័ទ្ធសន្តិសុខអស់រយៈពេល៨ថ្ងៃមកហើយខណៈដែលរដ្ឋាភិបាលជាតិនិយមហិណ្ឌូក្នុងទីក្រុងញូវដែលីព្យាយាមបញ្ឈប់ការប្រឆាំងជំទាស់នឹងចំណាត់ការរបស់ខ្លួនក្នុងការដាក់ការគ្រប់គ្រងតឹងរ៉ឹងជាងមុននៅក្នុងតំបន់នេះ។
បណ្តាញអ៊ីនធើណែតនិងទូរស័ព្ទត្រូវបានកាត់ផ្តាច់ហើយកងទ័ពរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយក្នុងទីក្រុង Srinagar និងទីប្រជុំជននិងភូមិនានាក្នុងតំបន់កាស្មៀរ។អាជ្ញាធរបានបន្ធូរបន្ថយការរឹតបន្តឹងជាបណ្តោះអាសន្នកាលពីថ្ងៃអាទិត្យដើម្បីអនុញ្ញាតឲ្យអ្នកស្រុកទិញអាហារនិងគ្រឿងផ្គត់ផ្គង់សម្រាប់ពិធីបុណ្យ Eid ដែលជាពិធីបុណ្យមូស្លីមដ៏សំខាន់បំផុតប្រចាំឆ្នាំ។
ប៉ុន្តែអ្នកស្រុកបាននិយាយថា សន្តិសុខត្រូវបានរឹតបន្តឹងជាថ្មីម្តងទៀតបន្ទាប់ពីមានការតវ៉ារប៉េះរប៉ោះដែលពាក់ព័ន្ធនឹងមនុស្សរាប់រយនាក់អំឡុងពេលថ្ងៃ។ ឡានប៉ូលិសបានបើកបរតាមដងផ្លូវនៅយប់ថ្ងៃអាទិត្យដើម្បីប្រាប់ប្រជាជនឲ្យស្នាក់នៅក្នុងផ្ទះ។
មេប៉ូលិសតំបន់កាស្មៀរលោក Dilbagh Singh បាននិយាយថា ប្រជាជនត្រូវបានស្នើសុំឲ្យធ្វើការបួងសួងនៅតាមមូលដ្ឋាន។មនុស្សរាប់ពាន់នាក់បានចូលរួមនៅក្នុងការជួបជុំមួយបន្ទាប់ពីការអធិស្ឋានថ្ងៃសុក្រដែលត្រូវបានបំបែកដោយឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងជ័រ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរបានបដិសេធថា គ្មានការតវ៉ាណាមួយឡើយ៕