ស្លាប់៤នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១២ ខែសីហានេះ

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៦លើក) បណ្ដាលឱ្យមនុស្សស្លាប់៤នាក់ (ប្រុស), របួសស្រាលម្នាក់ (ស្រី) និងរបួសធ្ងន់៨នាក់ (ស្រី៣នាក់)។ នេះបើយោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្ដាលឱ្យខូតខាតម៉ូតូចំនួន១០គ្រឿង, រថយន្តតូច៤គ្រឿង, រថយន្ដធំ១គ្រឿង និងយានផ្សេងៗ១គ្រឿង, ហើយមូលហេតុដែលបណ្ដាលឱ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ ល្បឿន, មិនគោរពសិទ្ធិ, ប្រជែង និងបត់គ្រោះថ្នាក់។

របាយការណ៍បញ្ជាក់ថា រយៈពេល១២ថ្ងៃចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១១៩លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៥៩នាក់ របួសធ្ងន់៩០នាក់ និងរបួសស្រាល៨១នាក់៕