ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាគ្សាការងារជាមួយអភិបាលខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ លោក ស៊ូឌីរម៉ាន់ ហាសែង (Sudirman Haseng) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីបានទទួលឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពីសំណាក់លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នាឱកាសព្រឹកថ្ងៃទី១២សីហានេះ នៅឯសាលសាវនាសាលាខេត្តស្ទឹងត្រែង។

លោក ស៊ូឌីរម៉ាន់ ហាសែង ឯកអគ្គរដ្ឋទូត សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ីគឺមានតាំងពីយូរលុងមកហើយ ដែលកម្ពុជា និងឥណ្ឌូនេស៊ីមានទំនាក់ទំនងល្អ ទាំងវប្បធម៌ និងទេសចរណ៍ ជាពិសេសការចូលជួបសម្តែការគួសមរវាងគណៈប្រតិភូឯកអគ្គរដ្ឋឥណ្ឌូនេស៊ី និងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងនាពេលនេះគឺជាការបង្ហាញឲ្យកាន់តែច្បាស់ ពីទំនាក់ទំនងកាន់តែល្អប្រសើរថែមទៀតរវាងឥណ្ឌូនេស៊ី និងកម្ពុជាក៏ដូចជាទំនាក់ទំនងរវាងឥណ្ឌូនេស៊ីជាមួយបណ្តាខេត្តនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកបន្តថា ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានតាមរយៈវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ហើយដើម្បីឲ្យទំនាក់ទំនងកម្ពុជា និងឥណ្ឌូនេស៊ីកាន់តែមានភាពរីកចំរើនថែមទៀតនោះ លោក ស៊ូឌីរម៉ាន់ ហាសែង បានសំណូមពរឲ្យមានទំនាក់ទំនងល្អ រវាងប្រជាជនឥណ្ឌូនេស៊ី និងប្រជាជនកម្ពុជា ក៏ដូចជាផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជនតាមបណ្តាខេត្តនានារបស់ឥណ្ឌូនេស៊ី ជាមួយខេត្តស្ទឹងត្រែង ទាំងវិស័យទេសចរណ៍ វប្បធម៌ និងការវិនិយោគជាដើម។

លោកបានឲ្យដឹងទៀតថា ដើម្បីអបអរសាទទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា និងដើម្បីផ្លាស់ប្តូរបទពិសោធន៍ ពីគ្នាទៅវិញទៅមក លើការងារអភិវឌ្ឍន៍ និងវិនិយោគ ។ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី នឹងរៀបចំកម្មវិធីទស្សនកិច្ចសិក្សា ដោយអញ្ជើញថ្នាក់ដឹកនាំ និងក្រុមអ្នកវិនិយោគពីកម្ពុជា ទៅទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី នេះជាឱកាសល្អសម្រាប់ខេត្តស្ទឹងត្រែងដែលអាចចូលរួមបាន ដោយថ្លៃស្នាក់នៅ និងអាហារ ខាងអគ្គរដ្ឋទូតឥណ្ឌូនេស៊ីជាអ្នកចំណាយ លើកលែងតែថ្លៃធ្វើដំណើរទៅមកតែប៉ុណ្ណោះ។

ជាការឆ្លើយតប លោក ម៉ុម សារឿន អភិបាលខេត្ត បានស្វាគមន៍ និងសំដែងនូវការសាទរចំពោះវត្តមានរបស់លោក ស៊ូឌីរម៉ាន់ ហាសែង ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីមកកាន់ខេត្តស្ទឹងត្រែង។ លោកបន្ថែមថា ជំនួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ពិតជាមានសារៈសំខាន់ណាស់ និងជាប្រវត្តិសាស្រ្តសម្រាប់ខេត្ត ដែលមិនអាចបំភ្លេចបានឡើយ។

នាឱកាសនោះ លោកអភិបាលខេត្ត បានជម្រាបដល់គណៈប្រតិភូអំពីសក្តានុពលនានា ដែលខេត្តស្ទឹងត្រែងមាន និងបានលើកឡើងផងដែរ អំពីកិច្ចទំនាក់ទំនងសហប្រតិបត្តិការល្អរវាង ប្រទេសទាំងពីរ តាមរយៈវិស័យពាណិជ្ជកម្ម និងវប្បធម៌កន្លងមក។ លោកអភិបាលខេត្តលើកឡើងថា សម្រាប់ខេត្តស្ទឹងត្រែង នេះគឺជាការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អមួយ រវាងខេត្តស្ទឹងត្រែង និងសាធារណរដ្ឋឥណ្ឌូនេស៊ី ហើយខេត្តស្ទឹងត្រែងនឹងបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អ ជាមួយឥណ្ឌូនេស៊ីជាបន្តទៀត បើទោះបីឥណ្ឌូនេស៊ីមិនមែនជាប្រទេសដែលមានខេត្តជាប់ និងខេត្តស្ទឹងត្រែងយ៉ាងណាក្តី។

ជាមួយគ្នានោះដែរ លោកម៉ុម សារឿន ក៏បានស្នើទៅកាន់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីឲ្យជួយស្វែងរកដៃគូវិនិយោគ ពីប្រទេសឥណ្ឌូនេស៊ី ចូលមកវិនិយោគក្នុងខេត្តស្ទឹងត្រែង លើផ្នែកកសិកម្ម ទេសចរណ៍ និងផ្នែកផ្សេងៗទៀត ព្រោះថា ខេត្តស្ទឹងត្រែង ជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្ម និងទេសចរណ៍៕ ដោយ ៖ ម៉ាវិន