ឆមាសទី១ ឆ្នាំ២០១៩នេះ ភ្ញៀវទេសចរមកទស្សនាខេត្តមណ្ឌលគិរីមានការកើនឡើង

ខេត្តមណ្ឌលគិរី ៖ លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរខេត្តមណ្ឌលគិរីបានបញ្ជាក់ឱ្យដឹងនាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះថា ភ្ញៀវទេសចរដែលបានមកទស្សនាក្នុងខេត្តមណ្ឌលគិរី ក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ សរុបប្រមាណជា១៦១.៨៣៥ នាក់ ក្នុងនោះទេសចរជាតិប្រមាណជា១៥៣.៨១១នាក់ ទេសចរអន្តរជាតិប្រមាណជា៨.០២៤នាក់ បើធៀបទៅនឹងឆមាសទី១ឆ្នាំ២០១៨នាឆ្នាំមុន ភ្ញៀវទេសចរមានចំនួន១២៧.២៧២នាក់  ក្នុងនោះទេសចរជាតិចំនួន១២០.២៨៨នាក់ ទេសចរអន្តរជាតិ៦.៩៨៤នាក់។

លោកប្រធានមន្ទីរទេសចរណ៍បន្តថា ក្នុងឆ្នាំ២០១៩នេះភ្ញៀវទេសចរមកទស្សនាក្នុងខេត្តមណ្ឌលគិរីមានកើនឡើងចំនួន២៦.៥៣៩ បើគិតជាភាគរយស្មើនឹង២៧,១៥% ក្នុងនោះ ទេសចរជាតិកើន២៧,៨៦% ទេសចរអន្តរជាតិ កើន១៤,៨៩%។ លោកប្រធានមន្ទីរបានឱ្យដឹងបន្ថែមថា ភ្ញៀវទេសចរភាគច្រើនទៅដំណើរកំសាន្តនៅរមណីយដ្ឋានទឹកធ្លាក់ប៊ូស្រា ភ្នំដោះក្រមុំ សមុទ្រឈើ នឹងកន្លែងដែលមានទេសភាពស្រស់ស្អាតដូចជាភ្នំអណ្តូងស្នេហ៏ជាដើម។

លោកប្រធានមន្ទីរបានឱ្យដឹងបន្ថែមទៀតថា កំណើនភ្ញៀវទេសចរមានការកើនឡើង ដោយសារនៅក្នុងខេត្តមណ្ឌលគិរីមានអាកាសធាតុត្រជាក់ សំបូរដោយរម្មណីយដ្ឋានកំសាន្តនានា គូបផ្សំនៅការរីកចម្រើននូវហេដ្ឋាររចនាសម្ព័ន្ធ និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ ដែលជាហេតុធ្វើឱ្យភ្ញៀវទេសចរពីមួយឆ្នាំទៅមួយឆ្នាំមកទស្សនាក្នុងខេត្តមណ្ឌលគិរីមានការកើនឡើង៕ ដោយ ៖ ជឹម ទូច