ទូតជប៉ុនចប់អាណត្តិ ៖ ជប៉ុននៅតែបន្តជួយបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជាបន្ថែមទៀត

ភ្នំពេញ ៖ ក្រោយពេលបំពេញបេសកកម្មជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Hidehisa HORINOUCHI បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបានកត់សម្គាល់ពីការរីកចម្រើននៃវិស័យនេះយ៉ាងល្អប្រសើរ តាមរយៈការបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។

ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក HORINOUCHI ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកទទួលជួបជម្រាបលា លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងការងារ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។ លោក HORINOUCHI បានបញ្ជាក់ថា ជប៉ុននៅតែរីករាយក្នុងការផ្ដល់នូវការបណ្ដុះបណ្ដាលធនធានមនុស្សដល់កម្ពុជាបន្ថែមទៀត។

លោកអគ្គរាជទូតបានរំលឹកថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន លើការបញ្ជូនកម្មសិក្សាការី-ពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុនចំនួន ២ រួមមាន៖ ទី១. អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ស្តីពីកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាការីជំនាញបច្ចេកទេស បានចុះនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ និងទី២. អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ស្តីពីក្របខណ្ឌសម្រាប់ភាពជាដៃគូព័ត៌មាន សម្រាប់ប្រតិបត្តិការសមស្របនៃប្រព័ន្ធទទួលយកធនធានមនុស្សបរទេស ដោយមានឋានៈនៃការស្នាក់នៅនៃពលករជំនាញ បានចុះនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

នាឱកាសនោះ លោកបណ្ឌិត អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់លោក HORINOUCHI ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ក្នុងនោះវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏មានការរីកចម្រើនជាលំដាប់ផងដែរ ក្រោមកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន។

លោកបណ្ឌិត អ៊ិត សំហេង ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានទទួល និងបណ្ដុះបណ្ដាលកម្មសិក្សាការីកម្ពុជា ឱ្យទទួលបានប្រាក់បៀរវត្សខ្ពស់ និងចំណេះជំនាញយ៉ាងល្អប្រសើរ ដែលបានរួមចំណែកជួយជំរុញជីវភាពរបស់ពួកគេឱ្យមានភាពរីកចម្រើនបានមួយកម្រិត។

ចំពោះកិច្ចប្រតិបត្តិការក្នុងប្រទេស ជប៉ុនបានបញ្ជូនគ្រូជំនាញមកបណ្ដុះបណ្ដាលដល់សិក្ខាកាមកម្ពុជា។ ម្យ៉ាងទៀត ក្រុមហ៊ុនវិនិយោគជប៉ុនដែលបាននិងកំពុងវិនិយោគនៅកម្ពុជា ក៏មានការយកចិត្តទុកដាក់ចំពោះកម្មករនិយោជិតផងដែរ ដូចជាបញ្ហាអនាម័យ និងសុវត្ថិភាពការងារ ពិសេសជប៉ុនក៏បានជួយជំរុញការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និង
វិជ្ជាជីវៈ (TVET) ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)ជាដើម។

លោករដ្ឋមន្ត្រីបានបន្តថា កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយស្ថានទូតជប៉ុន រដ្ឋាភិបាល និងប្រជាជនជប៉ុនជានិច្ច ដើម្បីធ្វើឱ្យទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ និងមានភាពយូរអង្វែង។

លោកបណ្ឌិត អ៊ិត សំហេង និងឯកឧត្តម HORINOUCHI បានឯកភាពគ្នាថានឹងអនុវត្តកិច្ចព្រមព្រៀង លើការបញ្ជូនកម្មសិក្សាការីផ្នែកថែទាំមនុស្សចាស់ទៅប្រទេសជប៉ុនឱ្យបានត្រឹមត្រូវ ដែលនឹងធ្វើឡើងនៅឆ្នាំក្រោយ ក្រោយពេលបណ្ដុះបណ្ដាលបំពាក់បំប៉ននៅក្នុងប្រទេសកម្ពុជារួចរាល់។ ទន្ទឹមនោះលោកបណ្ឌិតក៏បានបង្ហាញពីការនឹករលឹកចំពោះលោក HORINOUCHI នូវគំរូការងារល្អៗដែលបានកើតឡើងក្នុងអាណត្តិបេសកកម្មរបស់លោក និងបានចូលរួមអបអរសាទរចំពោះឯកឧត្តម HORINOUCHI ដែលនឹងត្រូវទទួលបេសកកម្មថ្មីជាឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហូឡង់។

សូមជម្រាបថា ប្រមាណ២សប្ដាហ៍ទៀត លោក HORINOUCHI នឹងចាកចេញពីប្រទេសកម្ពុជាត្រលប់ទៅប្រទេសជប៉ុនវិញហើយ៕