ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាទទួលជួបសម្តែងការគួរសម និងជម្រាបលា

ភ្នំពេញ ៖ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យឯកឧត្តម Horinouchi Hidechisa ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាទទួលជួបសម្តែងការគួរសមនិងជម្រាបលា បន្ទាប់ពីបញ្ចប់បេសកកម្មការទូតរយៈពេល៣ឆ្នាំកន្លងមកនេះ។

លោក Horinouchi Hidechisa ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានជម្រាបជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតឧបនាយករដ្ឋមន្ត្រីប្រចាំការ អំពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងរីកចម្រើនរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលប្រទេសជប៉ុនក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ ការអភិវឌ្ឍនានា ក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់ជប៉ុនដែលជាម្ចាស់ជំនួយធំជាងគេដល់អង្គជំនុំជម្រះវិសាមញ្ញ នៃតុលាការកម្ពុជា ដែលមានទឹកប្រាក់ចំនួនប្រមាណ៨៧លានដុល្លារអាមេរិក លើចំនួនសរុប៣០៣លានដុល្លារអាមេរិកដល់ អ.វ.ត.ក ដើម្បីយុត្តិធម៌ និងការកសាងសន្តិភាពនៅកម្ពុជា។
លោកអគ្គរដ្ឋទូតបានថ្លែងថា ទំនាក់ទំនងល្អរវាងកម្ពុជា និងជប៉ុន ក្នុងវិស័យសេដ្ឋកិច្ច វិនិយោគទុនសរុបបានកើនឡើងជាង៣ដង កាលពីឆ្នាំ២០១៥ ចំណែកផ្នែកពាណិជ្ជកម្មវិញតម្លៃសរុបការនាំចូល និងនាំចេញបានកើនឡើងជាង៣០ភាគរយ ហើយចំនួននៃការធ្វើទិដ្ឋាការសម្រាប់ការធ្វើដំណើរទៅជប៉ុនកើនឡើងជាង២,៨៥ដង ចាប់តាំងពីការបើកជើងហោះហើរដោយផ្ទាល់ទៅមកពីកម្ពុជា ជប៉ុនកាលពីខែកញ្ញា ឆ្នាំ២០១៦។

លោកបានវាយតម្លៃខ្ពស់ថា តាមរយៈកិច្ចសហការក្នុងភាពជាដៃគូដ៏ល្អនេះ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាមានការកើនឡើងខ្លាំង។ បន្ថែមពីលើនេះកាលពីខួប៦៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា ជប៉ុន រដ្ឋាភិបាលជប៉ុនក៏បានបើកស្ថានកុងស៊ុលរបស់ខ្លួនផងដែរនៅឯខេត្តសៀមរាប។

ជាការឆ្លើយតបលោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងរយៈពេលដែលឯកឧត្តមបំពេញបេសកកម្មការទូតនៅកម្ពុជា៣ឆ្នាំមកនេះ គឺជាពេលវេលាមួយដែលហាក់ដូចជាលឿន ប៉ុន្តែប្រទេសយើងទាំងពីរបានសហការគ្នាល្អបំផុត ទាំងវិស័យសេដ្ឋកិច្ច និងទំនាក់ទំនងការទូត គឺមានភាពរឹងមាំល្អប្រសើរណាស់។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍បន្ថែមថា កន្លងមកលោកផ្ទាល់បានសហការការងារគ្នាជាច្រើនជាមួយឯកអគ្គរដ្ឋទូតជប៉ុន និងបានមើលឃើញថា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាមានការយល់ដឹងច្រើនទាំងចិត្តគំនិត និងទស្សនៈ និងអំពីសភាពការណ៍ពិតរបស់កម្ពុជា ដែលបាននាំឱ្យឯកឧត្តមងាយស្រួលក្នុងការសម្របសម្រួល និងបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ។

លោកកិត្តិនីតិកោសលបណ្ឌិតឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានរំលឹកអំពីការជួយឧបត្ថម្ភគាំទ្ររបស់រដ្ឋាភិបាលជប៉ុនដល់ប្រជាជនកម្ពុជាជាច្រើនដើម្បីការពង្រឹងសេដ្ឋកិច្ច វិនិយោគ និងការកសាងអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះជប៉ុនបានជួយគាំទ្រជាថវិកាធំជាងគេដល់កិច្ចដំណើរការនៃសាលាក្តីកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម និងជាពិសេសដំណាក់កាលចុងក្រោយ នៅឆ្នាំ២០១៩នេះ ជប៉ុនក៏បានសម្រេចផ្តល់ថវិកាចំនួនប្រមាណ២៥១.៩៧០ ដុល្លារអាមេរិក ដើម្បីជួយទ្រទ្រង់គម្រោងរបស់ LDC (មជ្ឍមណ្ឌលតម្កល់ឯកសាររបស់សាលាក្តីខ្មែរក្រហម) សម្រាប់រយៈពេល៣ឆ្នាំ ដែលកាយវិការដ៏ល្អនេះ កម្ពុជាសូមចងចាំទុកជានិច្ច។

ជាមួយគ្នានេះ លោកបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានសម្តែងនូវការកោតសរសើរ និងសូមថ្លែងនូវអំណរអរគុណចំពោះរដ្ឋាភិបាលប្រទេសជប៉ុនដែលបានឧបត្ថម្ភគាំទ្រ និងជួយកសាងអភិវឌ្ឍនៅកម្ពុជា ជាពិសេសការជួយទ្រទ្រង់ដល់សាលាក្តីខ្មែរក្រហម និងបានជូនពរដល់លោក Horinouchi Hidechisa ឯកអគ្គរដ្ឋជប៉ុនប្រចាំកម្ពុជាដែលបានបញ្ចប់អណត្តិការងាររបស់ខ្លួននៅកម្ពុជា សូមទទួលបាននូវសេចក្តីសុខ ពុទ្ធពរទាំងបួនប្រការ និងជោគជ័យលើការបំពេញភារកិច្ចថ្មីជាបន្តបន្ទាប់ទៀតនៅឯបណ្តាប្រទេសផ្សេងៗ៕