ព្រះចៅអធិការវត្តព្រះពុទ្ធមណ្ឌលគិរី បរិច្ចាគគ្រឿងឧបភោគបរិភោគ និងថវិកាជូនកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ម៉ៅ ធនារក្ស អនុប្រធានគណៈកម្មាធិកាសាខា និងលោក អាន សុឃីម នាយកសាខា ព្រមទាំងសហការី បានអញ្ជើញទទួលទេយ្យទានពីព្រះសង្ឃព្រះនាម ព្រះលក្ខណ៍មុនី ឈិន ហន សមាជិកថេរសភា នៃគណ ធម្មុយុត្ត នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណធម្មយុត្តខេត្តមណ្ឌលគិរី ជាព្រះចៅអធិការវត្តព្រះពុទ្ធមណ្ឌលគិរី ស្ថិតនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ឱកាសនោះដែរ លោក អនុប្រធាន បានថ្លែងអំណរអរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះតេជគុណដែលមានទឹកព្រះទ័យជ្រះថ្លានាំយកនូវទេយ្យទានមនុស្សធម៌ទាំងនេះប្រគល់ជូនសាខា ហើយសាខានឹងយកទេយ្យទានទាំងនេះទៅចាត់ចែងទៅតាមគោលការណ៍គ្រឹះរបស់ចលនា ជួយជនងាយរងគ្រោះគ្រប់ប្រភេទ និងឆ្លើយតបឲ្យបានទាន់ពេលវេលា។

ទេយ្យទានដែលសាខាបានទទួលរួមមាន ៖ អង្ករ១តោន មី៣៤កេស ទឹកបរិសុទ្ធ ១៥កេស ភួយចំនួន១០ ទឹកត្រីទឹកស៊ីអ៊ីវមួយចំនួន និងថវិកាចំនួន១,០០០,០០០រៀលផងដែរ៕ ដោយ ៖ ជឹម ទូច