រដ្ឋមន្ត្រីទេសចរណ៍ស្នើជប៉ុនបង្កើនការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅកម្ពុជា

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានស្នើដល់ភាគីជប៉ុនជួយអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាបន្ថែម ពិសេសគឺតាមរយៈការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍​ថ្មីៗ លើការបង្កើតតំបន់ទេសចរណ៍សម្រាប់ទេសចរចូលនិវត្ត ក៏ដូចជាការជួយកសាងផ្លូវចំនួនចូលទៅកាន់សហគមន៍ទេសចរណ៍ សំខាន់ៗផងដែរ។

ការស្នើនេះធ្វើឡើងតាមរយៈលោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុននៅកម្ពុជាចប់អាណត្តិ នាឱកាសដែល​លោកអគ្គរាជទូតជួបជាមួយលោករដ្ឋមន្ត្រី ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ដើម្បីជម្រាបជាចុងក្រោយ ក្រោយពេល​បំពេញ​បេសកកម្មនៅកម្ពុជាប្រមាណ៣ឆ្នាំមកនេះ។

នាឱកាសនោះ លោក ថោង ខុន បានលើកឡើង​ពីការរីកចម្រើនមួយចំនួនលើវិស័យទេសចរណ៍ ក្រោម​កិច្ចសហប្រតិបត្តិការល្អជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា ក៏ដូចជាជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុនផងដែរ ក្នុងនោះ នៅក្នុងឆ្នាំ២០១៨ ក្នុង ៦ គម្រោងវិនិយោគរបស់ជប៉ុន មាន២គម្រោង វិនិយោគលើវិស័យទេសចរណ៍ ដែលមានទុនវិនិយោគ ដល់ជាង៨០០លានដុល្លារអាមេរិក។ ដោយឡែកចំនួនទេសចរជប៉ុន​ដែល​មកទស្សនានៅកម្ពុជា ក៏នៅតែមានការកើនឡើង​ពីមួយទៅមួយឆ្នាំ។

ជាក់ស្តែង​​​ឆ្នាំ២០១៨ មានចំនួនជាង ២១ម៉ឺននាក់ ក្នុងកំណើន ជាង៣,៥%។ ៦ខែដើមឆ្នាំ២០១៩ មានកម្ពុជា​ទទួលបានទេសចរជប៉ុនជាង ១០ម៉ឺននាក់ក្នុងកំណើន ៣%។ ទន្ទឹមនោះកាលក្នុងឆ្នាំ២០១៨កន្លងមក ក៏មានទេសច​រ​កម្ពុជាជាង២២.០០០នាក់ទៅទស្សនាប្រទេសជប៉ុនផងដែរ។ បច្ចុប្បន្ននៅភ្នំពេញ មានសណ្ឋាគារដែលវិនិយោគដោយជប៉ុនមាន ៩ ដែលមានសរុបជិត១.០០០ បន្ទប់ មានភោជនិយដ្ឋាន ចំនួន ៥៦ ដែលមានជាង ៣.៣០០ កៅអី ផងដែរ។

លោករដ្ឋមន្ត្រីបានរំលឹកពីការជួយជ្រោមជ្រែងពីសំណាក់មិត្ត ជប៉ុន ក្នុងកិច្ចការអភិរក្សតំបន់បេតិកភណ្ឌអង្គរ ក្នុងនាមជាសហប្រធានគណៈកម្មាធិការអន្តរជាតិ ICC-Angkor ជាមួយបារាំង និងបច្ចប្បន្ននៅតំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំផងដែរ ដែលក្រសួងទេសចរណ៍ និងខិតខំបន្តសហការ ជាមួយ អាជ្ញាធរ អប្សរា អាជ្ញាធរសំបូរព្រៃគុក និងក្រសួងវប្បធម៌ និង ICC អង្គរ ដើម្បីនិរន្តរភាពនៃការអភិវឌ្ឍន័តំបន់បិតិកភណ្ឌទាំងពីរនេះ។

ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងជប៉ុនឱ្យកាន់តែល្អ ប្រសើរឡើងថែមទៀត ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនបានបញ្ជាក់ថា រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅតែបន្តកិច្ចសហប្រតិបត្តិការលើវិស័យនេះជាមួយកម្ពុជាបន្តទៅទៀត ទោះបីថាលោកបានត្រូវចប់អាណត្តិបេសកកម្ម ទៅហើយក្ដី។

ជាមួយគ្នានោះ លោក ថោង ខុន ក៏បានស្នើតាមរយៈ ឯកអគ្គរាជទូតជប៉ុនទៅកាន់រដ្ឋាភិបាល និងវិនិយោគិនជប៉ុន សូមជួយបង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដូចជា ការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ការវិនិយោគ លើការបង្កើត តំបន់ទេសចរណ៍ថ្មីៗ ពិសេសសម្រាប់ទេសចរ ជប៉ុនដែលកំពុងមានការចូលនិវត្តច្រើន ហើយដែលប្រទេសមួយ ចំនួនក្នុងអាស៊ាន បានអនុវត្តន៍ដោយជោគជ័យកន្លងមក ដូចជានៅ ប្រទេស ម៉ាឡេស៊ី និងថៃជាដើម និងក៏អាចលើផ្នែក​មួយចំនួន​ទៀតដែលជប៉ុនគិតថាអាចវិនិយោគទៅបាន ហើយ​រាជរដ្ឋាភិបាលកម្ពុជាចាំស្វាគមន៍វិនិយោគិនជប៉ុនជានិច្ច។

លោក ថោង ខុន ក៏បា នស្នើដល់ស្ថានទូតជប៉ុនសូមបន្ត​ជួយ​ក្នុងការ​កសាងផ្លូវចូលទៅកាន់សហគមន៍ទេសចរណ៍​សំខាន់ៗ​មួយចំនួនបន្តទៀត ដែលស្ថិតក្នុងកំរិតនៃសិទ្ធសំរេចរបស់ស្ថានទូត​ផ្ទាល់ផងដែរ។

ចំពោះសំណើទាំងនេះ ត្រូវបានលោក ORINOUCHI ឯកអគ្គរាជទូតដ៏មានសណ្ដានចិត្តប្រពៃ ទទួលយកទៅ​ជម្រាប​ប្រាប់រដ្ឋាភិបាលរបស់លោកបន្ត។ លោក​​ឯកអគ្គរាជទូត​បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលជប៉ុន​នៅតែបន្តកិច្ច​សហប្រតិបត្តិការ​ល្អជាមួយកម្ពុជា ក្នុងភាពជាមិត្តជិតស្និទ្ធ​ដ៏យូរអង្វែង៕