ប្រធានសាខាពន្ធដារខេត្តព្រះសីហនុសំណូមពរឲ្យពលរដ្ឋខ្មែរ និងជនជាតិចិនអញ្ជើញមកចុះបញ្ជីបង់ពន្ធឲ្យបានគ្រប់ៗគ្នា

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅសាខាពន្ធដារខេត្តព្រះសីហនុបានរៀបចំ កិច្ចប្រជុំ ពិភាគ្សា ស្ដីពីការ ប្រមូលពន្ធជូនរដ្ឋ ដោយមានការចូលរួមពីសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងសមាគមជនជាតិចិនប្រចាំខេត្តព្រះសីនុ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយចូលរួមពីលោកសន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភា ពាណិជ្ជកម្មខេត្តព្រះសីហនុ និងលោក លាំង ស៊ីលាំង  ប្រធានសមាគមន៍ចិនប្រចាំខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំនេះ ផ្ដោតសំខាន់ចំពោះ សាខាពន្ធដារខេត្តព្រះសីហនុ ជាមួយនឹង សមាគមន៍ ជនជាតិចិនដែលមកធ្វើអាជីវកម្មក្នុងខេត្ត ដើម្បីសម្រួលឲ្យមានការបង់ពន្ធ គ្រប់អាជីវកម្ម ដែលជនជាតិចិនបានប្រកបអាជីវកម្មក្នុងខេត្ត និយាយរួមគឺ មុខរបរអាជីវកម្មដូចជា កាស៊ីណូ ហាងលក់ទំនិញ សណ្ឋាគារ ផ្ទះសំណាក់ និងអាជីវកម្មផ្សេងៗជាច្រើនទៀត ត្រូវតែមានការបង់ពន្ធជូនរដ្ឋ ដោយមានការសម្របសម្រួលពីសភាពាណិជ្ជកម្មខេត្តព្រះសីហនុ។

លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ ដើម្បីផ្សព្វផ្សាយ ជូនពួកគាត់ ដែលធ្វើអាជីវកម្មក្នុងខេត្តឲ្យគាត់យល់ដឹង ពីកាតព្វកិច្ចក្នុងការបង់ពន្ធជូនរដ្ឋ។ លោកបានបន្តថា កន្លងមកមិនមែនគាត់មិនបានបង់នោះទេ គាត់ក៏បានយល់ខ្លះៗក្នុងការបង់ពន្ធនេះដែរ ប៉ុន្តែកិច្ចប្រជុំថ្ងៃនេះ គឺដើម្បីបន្ថែមក្នុងការផ្សព្វផ្សាយឲ្យគាត់យល់កាន់តែច្បាស់ និងដឹងថា អ្វីដែលត្រូវបង់ពន្ធ និងអ្វីដែលមិនត្រូវបង់ពន្ធ។ ទន្ទឹមនោះលោកក៏បានសំណូមពរជាចុងក្រោយថា សូមបងប្អូន ពលរដ្ឋខ្មែរ និងពលរដ្ឋជាជនជាតិចិន សូមអញ្ជើញមកចុះបញ្ជីបង់ពន្ធឲ្យបានគ្រប់ៗគ្នា។

លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានគូសបញ្ជាក់បន្ថែមផងដែរថា វត្តមានរបស់លោកនៅថ្ងៃនេះ ក្នុងនាមលោក ជាអ្នកតំណាងឲ្យពាណិជ្ជករទាំងក្នុងស្រុក និងពាណិជ្ជករបរទេស លោកមានតួនាទីក្នុងការសម្របសម្រួល ទាំងកិច្ចការងាររកស៊ីទាំងវិស័យសំណង់ សព្វសារពើ ដើម្បីឲ្យពួកគាត់មានការចុះបញ្ជីក្នុងការបង់ពន្ធ អញ្ចឹងក្នុងនាមលោកជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ លោកត្រូវតែមានភារកិច្ចក្នុងការសម្របសម្រួលគ្រប់ស្ថាប័នដើម្បីឲ្យមានការបង់ពន្ធ ច្បាស់លាស់ជូនរដ្ឋ ម្យ៉ាងវិញទៀតដើម្បីឲ្យមានតម្លាភាពរវាងសហគមន៍ចិននៅក្នុងខេត្តព្រះសីហនុ និងសាខាពន្ធដារខេត្តព្រះសីហនុ៕ ដោយ ៖ តឹង​ សុភាព