ហ្សេលេនស្គី ស្វែងរកការគាំទ្រពីឥណ្ឌា ក្នុងការអនុវត្តផែនការសន្តិភាព

កៀវ៖ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើឱ្យឥណ្ឌាផ្ដល់ការគាំទ្រ និងជួយដល់ការអនុវត្តផែនការសន្តិភាពរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

កិច្ចសន្ទនាតាមទូរស័ព្ទរបស់លោក ហ្សេលេនស្គី និងលោក ម៉ូឌី ធ្វើឡើងនៅថ្ងៃចន្ទសប្ដាហ៍នេះ ស្របពេលដែលឥណ្ឌាបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី ក្នុងបរិបទ បណ្ដាប្រទេសលោកខាងលិចដាក់ចេញវិធានការដាក់ទណ្ឌកម្មថ្មីៗបន្ថែម សំដៅរារាំងកុំឱ្យទីក្រុងមូស្គូមានលុយយកទៅធ្វើសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន។

នៅក្នុងសារមួយ បង្ហោះលើ Twitter លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ហើយជូនពរឥណ្ឌាឱ្យទទួលបាន ជោគជ័យក្នុងនាមអាណត្តិជាប្រធាន G20… នៅលើបណ្ដាញទំនាក់ទំនងសង្គមនេះ ហើយដែលខ្ញុំបានប្រកាសពីផែនការសន្តិភាព ហើយបច្ចុប្បន្ន ខ្ញុំស្នើឱ្យមានការចូលរួមពី ឥណ្ឌា នៅក្នុងការអនុវត្តផែនការនេះ»។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី កាលពីខែវិច្ឆិកាកន្លងទៅ ក៏ធ្លាប់បានអំពាវនាវផងដែរឱ្យបណ្ដាប្រទេស G20 អនុម័តទទួលស្គាល់ផែនការសន្តិភាព១០ចំណុចរបស់លោក ដើម្បីបិទបញ្ចប់សង្រ្គាមសព្វថ្ងៃ៕