អាជ្ញាធរខេត្តកំពង់ចាមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដល់សត្វ គោក្របីជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់សៀម

ខេត្តកំពង់ចាម ៖ ដើម្បីការពារជំងឺរាតត្បាតដែលតែងតែកើតមានឡើងក្នុងរដូវវស្សានេះ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តកំពង់ចាមរួមជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបើកយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំងទប់ស្កាត់ជំងឺឆ្លងផ្សេងៗដល់សត្វ គោក្របីនៅភូមិទី៣ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីការពារសត្វ គោក្របី ដែលជាកម្លាំងអូសទាញយ៉ាងសំខាន់របស់ប្រជាកសិករក្នុងការបង្កបង្កើនផល ហើយការចាក់វ៉ាក់សាំងការពារជំងឺអ៊ុចក្តាមលើសត្វ គោក្របីជូនប្រជាពលរដ្ឋនាពេលនេះ គឺមិនគិតថ្លៃឡើយ។

ឆ្លៀតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានធ្វើការអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់កុំឲ្យមានការព្រួយបារម្ភអំពីបញ្ហាជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ព្រោះតាមការពិនិត្យតាមដានជាប្រចាំរបស់ក្រសួងជំនាញកម្ពុជាមកទល់នឹងពេលនេះគឺជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិកមិនមានឆ្លងមកមនុស្សទេ វាឆ្លងតែជ្រូកដូចគ្នាតែប៉ុណ្ណោះ។

ជាមួយគ្នានោះលោកអភិបាលខេត្តក៏បានសំណូមពរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចូលរួមជាមួយជំនាញដើម្បីចាក់ថ្នាំការពារទប់ស្កាត់នូវជំងឺឆ្លងដល់សត្វ និងជួយរាយការណ៍ពីស្ថានភាពជំងឺសត្វទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាលប្រចាំស្រុកត្រូវចូលរួមធ្វើការចាក់ថ្នាំការពារឲ្យបានទាន់ពេលវេលាចៀសវាងបង្កឲ្យមានជំងឺឆ្លងរីករាលដាលធ្ងន់ធ្ងរ។

បើយោងតាមលោក ស៊ីម ថាវីរះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាមបានឲ្យដឹងថា នៅក្នុងស្រុកកំពង់សៀមមានសត្វគោក្របីចំនួន ៣៣ ៤៥៤ក្បាល ហើយត្រូវបានចាក់វ៉ាក់សាំងការពារជំងឺចំនួន១៩៨៤ក្បាល ដែលយុទ្ធនាការចាក់វ៉ាក់សាំងនេះ តែង តែធ្វើឡើងជាប្រចាំនារដូវទឹកឡើង៕ ដោយ ៖ ស៊ាន ច័ន្ទដា