ព្យុះទីហ្វុង Lekima នៅភាគខាងកើតប្រទេសចិន សម្លាប់មនុស្សកើនឡើងដល់៤៩នាក់ហើយ

ប៉េកាំង ៖ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ចំនួនមនុស្សស្លាប់ដោយខ្យល់ព្យុះទីហ្វុងឡេគីម៉ា (Lekima) នៅភាគខាងកើតប្រទេសចិនបានកើនដល់៤៩នាក់ហើយ ខណៈមនុស្ស២១នាក់ កំពុងបន្តបាត់ខ្លួន។ នេះបើតាមសារព័ត៌មាន CNA។

ព្យុះទីហ្វុងឡេគីម៉ា បានវាយប្រហារលើខេត្តចំនួន៣ នៅក្នុងប្រទេសចិន រួមទាំងខេត្ត Zhejiang, Shandong និងខេត្ត Anhui កាលពីចុងសប្ដាហ៍កន្លងទៅ ហើយបានបង្ខំឱ្យមនុស្សច្រើនជាង១លាន នាក់ ត្រូវជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព។ ដោយឡែក បើតាមអាជ្ញាធរចិនចំនួនអ្នកស្លាប់ គិតមកដល់ព្រឹកថ្ងៃអង្គានេះ បានកើនដល់៤៩នាក់ហើយ។

អាជ្ញាធរបាននិយាយថា ទីហ្វុង Lekima បានវាយប្រហារមកលើតំបន់ដីគោកនៃខេត្ត Zhejiang កាលពី ព្រឹកថ្ងៃសៅរ៍សប្ដាហ៍មុនជាមួយកម្លាំងខ្យល់បក់ ១៨៧គីឡូម៉ែត្រក្នុងមួយម៉ោង។ អាជ្ញាធរបញ្ជាក់ថា ព្យុះទីហ្វុងដ៏កំណាចមួយនេះបានបង្កជាគ្រោះទឹកជំនន់ ហើយលើសពីនេះទៅទៀតគ្រោះមហន្តរាយធម្មជាតិបានបង្កការខាតបង់សេដ្ឋកិច្ចយ៉ាងហោចណាស់ ២៦ ពាន់លានយន់ (៣,៧ ពាន់លានដុល្លារ)៕