Lampard ត្រៀម​លុយ​ទិញ​កីឡាករ​បន្ថែម​ពេល​ផុត​បម្រាម​

បាល់ទាត់ ៖ អ្នកចាត់ការ​ទូទៅ​រប​ស់​តោ​ខៀវ Chelsea លោក Frank Lampard ត្រៀម​ចំណាយលុយ​៧០​លាន​ផោន​តាម​អន្ទង​ទិញ​កីឡាករ​ខ្សែការពារ​ឆ្វេង Ben Chilwell របស់ Leicester City នៅពេលដែល​ក្លិប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ​ផុត​បម្រាម​។​

Chelesa ក៏មាន​ខ្សែការពារ​ឆ្វេង ២​រូប​ដែរ​រួមមាន Marcos Alonso និង Emerson ប៉ុន្តែ​លោក Lampard នៅតែ​ចាប់អារម្មណ៍​ចង់បាន​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​វ័យ ២២​ឆ្នាំ Chilwell ដើម្បី​មក​បំពេញ​ចំណុច​ខ្វះខាត​នៅ​តំបន់​ខ្សែការពារ​ខាងឆ្វេង​។​

​គួរ​បញ្ជាក់ថា បម្រាម​មកលើ​ក្រុម Cheslea មិន​ឲ្យ​ទិញ​កីឡាករ​ចូល​គឺ​នឹងត្រូវ​ផុត​នៅ​រដូវក្ដៅ​រដូវ​កាល​ក្រោយ ប៉ុន្តែ​ដោយសារ​ប្ដឹងតវ៉ា ក្លិប​ដែលមាន​ម្ចាស់​ជា​សេដ្ឋី​ជនជាតិ​រុស្ស៊ី​មួយ​នេះ នឹង​អាច​នាំចូល​កីឡាករ​បាន​នាទី​ផ្សារ​ដោះដូរ​កីឡាករ​ខែមករា ខាងមុខនេះ​៕